កាលពីខែធ្នូ ឆ្នាំមុន បំណុលជាតិរបស់សហរដ្ឋអាមេរិកមានចំនួនលើសពី ៣៤ទ្រីលានដុល្លារ ខណៈបើតាមរយៈរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយដោយការិយាល័យសភា (CBO) បានលើកឡើងថា ដោយសារការចំណាយចំពោះប្រជាពលរដ្ឋវ័យចំណាស់ និងការបង់ការប្រាក់ បំណុលជាតិរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ អាចនឹងកើនឡើងជាង ១៩ទ្រីលានដុល្លារបន្ថែមទៀតដល់ចំនួន ៥៤ទ្រីលានដុល្លារនៅទសវត្សក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។
កត្តាសំខាន់ដែលទំនងជានាំឲ្យមានការកើនឡើងបំណុលជាតិដូច្នេះ វាក៏អាចដោយសារតែមកពីការកើនឡើងយ៉ាងខ្លាំងនៃឱនភាពសហព័ន្ធ ស្របពេលដែល CBO បានព្យាករណ៍អំពីកង្វះខាតថវិកាប្រចាំឆ្នាំមានការកើនឡើងពីចំនួន ១,៦ទ្រីលានដុល្លារនៅឆ្នាំ២០២៤ ដល់ទៅចំនួន ២,៦ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០៣៤ ជាហេតុនាំឲ្យបំណុលជាតិមានការកើនឡើងប្រមាណ ១៨,៩ទ្រីលានដុល្លារនៅទសវត្សក្រោយ។
ទន្ទឹមនឹងនោះ អត្រាការប្រាក់នៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់មួយកាលពីឆ្នាំមុន ជាហេតុធ្វើឲ្យការចំណាយលើការខ្ចីប្រាក់ បានរួមចំណែកយ៉ាងខ្លាំងដល់បំណុលជាតិរបស់ប្រទេស។ ជាងនេះទៅទៀត CBO បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចំណាយដល់ទៅជាង ១២ទ្រីលានដុល្លារ ដើម្បីបង់ការប្រាក់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ ។
គួរជម្រាបថា ចំពោះការព្យាករណ៍របស់ការិយាល័យថវិកា កើតឡើងនៅពេលដែលសភា បានពន្យាពេលក្នុងការកំណត់កាលបរិច្ឆេទមួយខែទៀត ដើម្បីយល់ព្រមលើច្បាប់ចំណាយថវិការបស់សហព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកសភាកាលពីពេលថ្មីៗនេះ បានជួបពិភាក្សាគ្នាយ៉ាងក្តៅគគុក ជុំវិញការផ្តល់ជំនួយបន្ថែមដល់ប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល៕