ក្រុមហ៊ុនខ្នាតយក្ស Nike ប្រកាសកាត់បន្ថយបុគ្គលិកច្រើនជាង ១ ៦០០នាក់

អន្តរជាតិ

ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ល្បី Nike បានប្រកាសកាលពីថ្ងៃទី១៥ ខែកុម្ភៈថា ពួកគេនឹងកាត់បន្ថយបុគ្គលប្រហែល ២% ឬច្រើនជាង ១ ៦០០នាក់ បន្ទាប់ពីព្យាករណ៍ថា ប្រាក់ចំណេញនៅឆ្នាំនេះ នឹងមានការថយចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា ក្រុមហ៊ុនខ្នាតយក្សអាមេរិក ក៏ធ្លាប់បង្ហើបពីការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំបែបនេះផងដែរ កាលពីឆ្នាំទៅ ខណៈដំណាក់កាលកាត់បន្ថយបុគ្គលិកទីមួយ នឹងធ្វើឡើងពីថ្ងៃទី១៦ ខែកុម្ភៈ ស្របពេលដំណាក់កាលពីពីរ នឹងបញ្ចប់មុនត្រីមាសនេះ។

គួសបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Nike មានបុគ្គលិកសរុបប្រមាណ ៨៣ ៧០០នាក់ ហើយការកាត់បន្ថយបុគ្គលិកនេះ នឹងមិនប៉ះពាល់ដល់ក្រុមបុគ្គលិក ធ្វើការនៅតាមហាងផ្ទាល់ និងតាមផ្នែកច្នៃប្រឌិតនានាឡើយ។

ជម្រាបបន្ថែមថា ក្រៅពីក្រុមហ៊ុនសម្ភារៈកីឡា Nike ក៏នៅមានក្រុមហ៊ុនធំៗជាច្រើនទៀត ដែលរកស៊ីលើវិស័យមួយនេះ ដូចជា Adidas និង Puma ជាដើម សុទ្ធតែបង្ហាញពីក្ដីបារម្ភថា ប្រាក់ចំណេញនៅឆ្នាំនេះ នឹងមានការថយចុះ ហើយការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ គឺប្រាកដជាមិនងាយជៀសផុតឡើយ៕