បាងកក៖ នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ចជាមួយលោកជំទាវ Orna Sagivឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នាស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុងបាងកក។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូតអំពីចក្ខុវិស័យក៏ដូចជាបេសកម្មរបស់សមាគមឧកញ៉ាកម្ពុជាព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងភាពជាដៃគូមួយដ៏មានសក្តានុពលក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា។
កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់ អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀតក្នុងវិស័យសក្តានុពលរបស់កម្ពុជាតាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនអ៊ីស្រាអែល។
ជាមួយគ្នានេះ លោកជំទាវ Orna Sagiv បានលើកឡើងថា លោកជំទាវមានក្តីរីករាយក្នុងការបានជួបពិភាក្សាការងារសំខាន់ៗជាមួយគណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា ដែលមានសមាជិកសុទ្ធតែជាធុរជន និងពាណិជ្ជករដែលកំពុងកាន់កាប់អាជីវកម្មគ្រប់វិស័យនៅកម្ពុជា ខណៈដែលប្រទេសអ៊ីស្រាអែល និងកម្ពុជាក៏មានចំណងមិត្តភាពក៏ដូចជាកិច្ចសហប្រតិបត្តិការទៅលើវិស័យជាអាទិភាពជាច្រើនដូចជា កសិកម្ម បច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានជាដើម។
លោកជំទាវបានសង្កត់ធ្ងន់ថា លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងបង្កើនទំនាក់ទំនងធុរកិច្ចរវាងវិនិយោគិនអ៊ីស្រាអែល និងពាណិជ្ជករកម្ពុជា ជាពិសេសតាមរយៈសមាគមឧកញ៉ាកម្ពុជា ព្រមទាំងរីករាយស្វាគមន៍គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលក្នុងពេលវេលាសមស្របនាពេលដ៏ខ្លីខាងមុខដើម្បីបង្កើតឱកាសការផ្សារភ្ជាប់ដៃគូវិនិយោគរវាងប្រទេសទាំងពីរសម្រាប់ជាគុណប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។
ជាកិច្ចបញ្ចប់ ស្ថាប័នទាំងពីរតាំងចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងដ៏មានប្រសិទ្ធភាពមួយ រវាងស្ថាប័នទាំងពីរ នាពេលសមស្រមណាមួយ៕