កីឡាករជើងខ្លាំងម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ជាប់ៗគ្នារបស់កម្ពុជា បឺត សង្ឃឹម បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទម្ងន់ ៥៧ គីឡូក្រាម នៅលើទឹកដីអូស្រ្តាលី ជាលើកដំបូង នាថ្ងៃទី១៧ ខែកុម្ភៈនេះ។
កីឡាករ បឺត សង្ឃឹម ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់ថៃ Yothin FA Group ជាម្ចាស់ខ្សែក្រវាត់ IFMA World Championships និងខ្សែក្រវាត់ Rajadamnern World Series 126 lbs ក្នុងទម្ងន់ ៥៧ គីឡូក្រាម។
ដើម្បីលើកទឹកចិត្តដល់ប្រតិភូ និងកីឡាករ បឺត សង្ឃឹម បងប្រុសបង្កើតអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ធនាគារ វីង គឺអ្នកឧកញ៉ា គិត ធាង អតីតម្ចាស់ក្លិបរ៉ក់ (Rock) បានប្រកាសផ្តល់លុយ ១ពាន់ដុល្លារដល់កីឡាករបឺត សង្ឃឹម។
លោក សំណព្វ អតីតបុគ្គលិកស្ថានីយ៍ទូរទស្សន៍ PNN ផ្នែកព័ត៌មានកីឡារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានបង្ហាញលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលថ្ងៃទី១៥កុម្ភៈកន្លងទៅថា៖ «អ្នកឧកញ៉ា គិត ធាង បានឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ បឺត សង្ឃឹម ដើម្បីចូលរួមប្រកួតខ្សែក្រវាត់ WBC នៅអូស្ត្រាលី ចុងសប្តាហ៍នេះ»។
សូមជម្រាបជូនថា អ្នកឧកញ៉ា គិត ធៀង ជាម្ចាស់គម្រោងអគារពាណិជ្ជកម្ម និងខុនដូកម្ពស់៦២ Royal One នៅលើមហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ។ វត្តមានអគារពាណិជ្ជ កម្ម និងខុនដូកម្ពស់៦២នេះ គឺជាការបោះទុនរួមគ្នារវាងក្រុមហ៊ុន Royal Group និងក្រុមហ៊ុនវិនិយោគ របស់តៃវ៉ាន់៕