ដើមខែមីនា វិនិយោគិនថៃនឹងមកសិក្សាលើគម្រោងចំនួន៣មានទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅដើមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា បានចេញទៅគោះទ្វារវិនិយោគនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបង្ហាញពីសក្តានុពល កាលានុវត្តភាព និងឱកាសសម្រាប់ទាញ់យកប្រយោជន៍ធ្វើការបោះទុនវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានរៀបចំវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» នៅទីក្រុងបាងកក ដែលមានការចូលរួមពីឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក, តំណាងអង្គការអន្តរជាតិ, តំណាងក្រសួងស្ថាប័ន, និងវិស័យឯកជនសរុបប្រមាណ ២៣០រូប។

ក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសរំលេចអំពីបរិយាកាសវិនិយោគដែលមានស្ថិរភាព និងភាពទាក់ទាញខ្ពស់, របបវិនិយោគដែលមានបច្ចុប្បន្នភាព និងមានទំនោរជ្រោមជ្រែងការរីកធំធាត់របស់វិស័យឯកជន, យន្តការផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសម្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល, និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។

ស្របគ្នាជាមួយនឹងវេទិកាខាងលើ វិនិយោគិនថៃដែលធ្លាប់បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជាថៃកាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះក៏បានបង្ហាញការជឿទុកចិត្តមកសិក្សាបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយគ្រោងនឹងមកទឹកដីកម្ពុជានាដើមខែមីនាខាងមុខដើម្បីសិក្សាលើគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មថៃ និងគណៈកម្មាធិការពាណិជ្ជកម្មថៃ បានរៀបវេទិកាធុរកិច្ចកម្ពុជា-ថៃ ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ថៃ ដែលមានកាចូលរួមពីក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សា និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម៕