ដើម្បីពន្លឿនដោះស្រាយបញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ រដ្ឋរៀបចំទីតាំងចំនួន ២ សម្រាប់អ្នកឧកញ៉ា ឧកញ៉ា ធុរជនដាក់សំណើរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំទីតាំងចំនួន២ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្រាប់ក្រុមហ៊ុនអ្នកឧកញ៉ា ឧកញ៉ា និងវិនិយោគិនមកដាក់សំណើរស្នើសុំធ្វើការវិនិយោគអគារដែលកំពុងជាប់គាំងឈរជ្រោងនៅក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំរៀបចំនិតីវិធី/បែបបទ ក្នុងការពិនិត្យការពាក្យស្នើសុំរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងគោលបំណងសម្រួលនីតិវិធីអោយមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។

ដើម្បីពន្លឿនដល់ការដោះស្រាយបញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន ២ ក្នុងខេត្តព្រះសីហនុ​ និងរាជធានីភ្នំពេញ​ ដែលនឹងបំពេញមុខងារដូចការិយាល័យច្រកចេញចូលតែមួយសម្រាប់វិស័យឯកជនដាក់សំណើ។ ក្នុងន័យនេះ សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ សូមមកដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត។ សម្រាប់ការិយាល័យនៅខេត្តព្រះសីហនុ ស្ថិតលើផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ហើយសម្រាប់រាជធានីភ្នំពេញនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ ខណ្ឌជ្រោយចង្វារ។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងគោលបំណងជំរុញឲ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនសម្រាប់ខេត្តព្រះសីហនុ។ តាមរយៈនេះ ធុរជន និងវិនិយោគិនដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពលើគម្រោងវិនិយោគ ឬធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគ ឬធុរកិច្ចដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និងការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដេលមានស្រាប់ក្នុងខេត្តព្រះសីហនុ នឹងទទួលបាននូវអត្ថប្រយោជន៍ពិសេស ជាអាទ៍ ការសម្រួលនីតិវិធី, ការលើកទឹកចិត្តពិសេស, និងការអនុគ្រោះនានា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ៕