នាថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមឧកញ៉ាកម្ពុជា រួមទាំងសប្បុរសជននានា បរិច្ចាគថវិកា ធនធាន និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ លោកគ្រូ អ្នកគ្រូ និងមាតាបីតាសិស្សនៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ស្ថិតនៅភូមស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អ្នកឧកញ៉ា លី យ៉ុង ផាត់ បានអនុម័តកញ្ចប់ថវិការបស់សមាគម និងថវិកាកៀរគរសប្បុរសជន ដេីម្បីរៀបចំបង្កេីតកម្មវិធីសប្បុរសធម៌នេះឡេីង ក្នុងគោលបំណងឆ្លេីយតបទៅនឹងតម្រូវការរបស់សាលា ក៏ដូចជាសិស្សានុសិស្សផ្ទាល់។ ដោយស្មារតីសាមគ្គីភាពនៃមហាគ្រួសារឧកញ៉ាកម្ពុជា បានប្រមូលថវិកាបានចំនួនជាង ៥ម៉ឺន ៦ពាន់ដុល្លារ ដើម្បីយកទៅប្រេីប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារៈសិក្សា កង់ កាបូប សម្លៀកបំពាក់ សៀវភៅអាន ធ្នេីដាក់សៀវភៅ និងជូនថវិកាដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលសិស្ស សរុប ២៦៥នាក់ ។
លោក ស្រ៊ុន ចន្ទសុវណ្ណ នាយក សាលាអនុវិទ្យាល័យស្ទឹងជ្រៅ បានបញ្ជាក់ថាអនុវិទ្យាល័យស្ទឹងជ្រៅ បានជួបប្រទះនូវការលំបាកជាច្រើនដូចជាការលិចលង់នារដូវវស្សា ការហុយដីនៅរដូវប្រាំង ការខ្វះខាតសៀវភៅអានក្នុងបណ្ណាល័យ តម្រូវការជំនួយគាំទ្រលើមធ្យោបាយធ្វើដំណើររបស់សិស្សក្រីក្រ ឯកសណ្ឋាន សម្លៀកបំពាក់ និងសម្ភារៈសិក្សា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាជាដើម។ ហេតុនេះ ហើយទើប និងគណៈគ្រប់គ្រងសាលាបានស្វែងរកជំនួយផ្សេងៗ ជាពិសេសតាមរយៈ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយនឹងក្តីសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះ ។ ជាលទ្ធផល សំណេី រ និងសំណូមពរទាំងនោះត្រូវបានទទួលយកដោយ សមាគមឧកញ៉ា កម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ទាល់។
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹកខំប្រឹងប្រែងរៀនសូត្រ ឱ្យខ្លាំងពូកែ ដេីម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យេីងទាំងអស់គ្នា ជាពិសេស ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕