មុននេះបន្តិច លោកឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន បានប្រកាសលើកផេកផ្លូវរបស់លោកឧកញ៉ាថា លោកឧកញ៉ា បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥លានរៀល ជូនដល់ សាយ តារាចម្រៀង Original Song រត់ម៉ារ៉ាតុងស្វែករកជំនួយមនុស្សធម៍ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ផ្អែកតាមរយៈផេក Jet Man ដែលគេស្គាល់ថាជា ផេករបស់ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរបែបនេះថា “ដើម្បីចូលរួមលើការងារមនុស្សធម៌ ក៏ដូចជាលើកទឹកចិត្តដល់ប្អូន សាយ ថ្ងៃនេះខ្ញុំបាទ បានចូលរួមកម្មវិធីរត់រៃអង្គាសថវិកាជាមួយប្អូន សាយ លើផ្លូវលេខ៤៨ ខេត្ត កោះកុង ដោយរូបគាត់បានចំណាយពេលវេលារត់២៥ខេត្តក្រុង ក្នុងនោះខ្ញុំបាទ ក៏បានចូលរួមជួយជាថវិការចំនួន ៥លានរៀលដើម្បីចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដូចនេះសូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីជួយលើកទឹកចិត្តដល់ប្អូនសៃ” Jet Man។
សូមបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រៅពីការជួយដល់ប្រជាជនរកគ្រោះដោយទឹកជំនន់ជាច្រើនពាន់គ្រួសារ នៅខេត្ត កណ្ដាល ខេត្ត ពោធិ៍សាត់ បាត់ដំបង នាពេលកន្លងមក ឧកញ៉ា ស្រី ចាន់ថន ក៏បានចេញថ្លៃព្យាបាលកីឡាករ មឿន សុខហ៊ុច ដែលរងរបួសបាកជើង ទាំងអស់ ធ្វើមហាជនកោតសរសើរនូវទឹកចិត្តមនុស្សធម៌ របស់លោកឧកញ៉ាជាខ្លាំង។
ងាកមកលោក សាយវិញ តារាចម្រៀងរូបនេះ ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គមថា “មានមនុស្សច្រើនដែលសួរខ្ញុំថា ខ្ញុំរត់ធ្វើអី គ្រោះថ្នាក់ណាស់ បើទោះបីជាសាយឯងជោគជ័យជាមួយនឹងកម្មវិធីនេះ ក៏សាយឯងប្រឈមនិងការខូចជើង ឬមាន បញ្ហាជង្គងដែរ។ល។ ខ្ញុំក៏ឆ្លើយតបទៅវិញថា ខ្ញុំក៏មិនចង់រត់ដែរ បើសិនជាមានអ្នករត់ជំនួសខ្ញុំ ខ្ញុំចង់ឃើញជនជាតិខ្មែរយើងចេះជួយគ្នា ចេះចែករំលែក នឹងចេះលះបង់ផលប្រយោជន៍ និងពេលវេលាផ្ទាល់ខ្លួន ត្រឡប់ទៅកាន់សង្គមវិញ បើទោះបីជាសព្វថ្ងៃនេះឃើញថា មានអ្នកចូលរួមក្នុងកិច្ចការងារសង្គមច្រើនគួរសម តែបើគិតជាភាគរយគឺនៅមានតិចណាស់ធៀបនឹងប្រជាជនកម្ពុជា ដូច្នេះហើយបានជាខ្ញុំរត់ដើម្បីបង្ហាញពីទឹកចិត្ត ចែករំលែកមួយនេះទៅកាន់សង្គមជាតិខ្ញុំ ហើយក៏ចង់លើកទឹកចិត្តឲ្យយុវជនជំនាន់ថ្មីចេះចែករំលែកពេលវេលា នឹងផលប្រយោជន៍ផ្ទាល់ខ្លួនទៅកាន់សង្គមជាតិខ្លួនឯងខ្លះ ក្នុងដំណាក់ការឆ្នាំ 2020 នេះបន្ទាប់ពីជំងឺកូវីដ19 រាងស្បើយមកឥឡូវយើងជួបជាមួយនឹងបញ្ហាទឹកជំនន់ស្ទើរពេញផ្ទៃប្រទេស ហើយយើងក៏មិនដឹងថាប្រទេសយើង នឹងជួបអ្វីទៅថ្ងៃខាងមុខ ដូច្នេះហើយយុវជនដែលជាកម្លាំងស្នូលនៃប្រទេសជាតិ គួរមានស្មារតីចែករំលែក និងទទួលខុសត្រូវចូលរួមដោះស្រាយបញ្ហាចំពោះមុខ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់បញ្ហាដែល នឹងអាចកើតមាន”។
ក្រុមការងារគម្រោងរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៍ជាមួយសាយនេះដឹកនាំដោយលោក អ៊ួន បឋម បានចេញដំណើរបន្តពីខេត្តកំពត ចូលមកដល់ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨តុលា និងបន្តការងារស្វែងរកថវិកាសប្បុរសធម៍នេះនៅខេត្តព្រះសីហនុ រហូតដល់ថ្ងៃ២២ខែតុលាឆ្នាំ២០២០៕