លោក ទីប្រឹក្សា៖ សៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា) នឹងត្រូវបញ្ចប់ការរៀបរៀងក្នុងពេលឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មេរ និងចាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងឆាប់ៗខាងមុខនេះ លោកនឹងបញ្ចប់វណ្ណកម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកពៅ សុខ មានប្រសាសន៍ទៀតថា សៀវភៅនេះ គឺនិយាយតែពីសកម្មភាពស្វែងរកការចរចាសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ចន្លោះពីចុងឆ្នាំ១៩៨៧ ដល់ចុងឆ្នាំ១៩៩៨ ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកដោយចំហរថា សង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ វិថីសន្តិភាព និងការអភិវឌ្ឍ បានមានវត្តមាននៅកម្ពុជា។

លោក ពៅ សុខ បញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរយៈពេលច្រើនឆ្នាំបង្គួរមក លោកឃើញថា ទម្រាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស កម្ពុជាប្រែក្លាយពីប្រទេសដែលមានតំបន់ត្រួតត្រា៤ មកជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ដែនដីតែមួយ រដ្ឋបាលតែមួយ សម្តេចតេជោ ហ៊ុន សែន បានប្រថុយគ្រោះថ្នាក់ចំនួន៤ ករណី ដែលទីមួយ នៅពេលសម្តេច សម្រេចចិត្តបើកផ្លូវ និងស្វះស្វែងរកឱ្យមានការចរចា ឬជំនួបលើកទី១ ហ៊ុន សែន សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ទី២ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ទី៣ ការធ្វើកំណែទម្រង់ដីធ្លី ទី៤ ការធ្វើកំណែទម្រង់របបនយោបាយ ដែលក្នុងនោះ ការផ្លាស់ប្តូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា (រដ្ឋកម្ពុជា) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩ ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកែប្រែទង់ជាតិ និងភ្លេងជាតិជាដើម។

លោក ពៅ សុខ អះអាងថា ករណីទាំងនេះ សុទ្ធតែជាការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចទាំងអស់ ប៉ុន្តែ នៅពេលនោះសម្តេច ដែលស្ថិតនៅជាឯកឧត្តមនៅឡើយ តែងតែមានប្រសាសន៍ប្រាប់អ្នកកាសែតថា សម្តេចមិនខ្លាចនឹងលះបង់ឡើយ ឱ្យតែប្រជាជនកម្ពុជាមានសុខ ឱ្យតែប្រទេសកម្ពុជាមានសុខសន្តិភាព ឱ្យតែអាចបញ្ចប់ការបង្ហូរឈាមប្រជាជនកម្ពុជាបាន។ លោកលើកឡើងទៀតថា តាមការអះអាងរបស់លោកចម ប្រសិទ្ធ ដែលប្រាប់អ្នកកាសែតបរទេសនៅអំឡុងពេលនោះ គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ហើយសម្តេចកម្រនឹងពាក់អាវក្រោះដើម្បីការពារខ្លួន ដោយសម្តេចមានប្រសាសន៍ប្រាប់បាងកកប៉ុស្តិ៍ថា ប្រជាជនកម្ពុជាគ្រប់ទីកន្លែងជាអាវក្រោះរបស់សម្តេច ជាអាវក្រោះការពារសម្តេច។ សម្តេច តែងតែបន្លំខ្លួនទៅខ្ចីម៉ូតូអ្នកស្រុកជិះ ដើម្បីស្វែងរកតម្រូវការពិតរបស់ប្រជាជនក្នុងមូលដ្ឋាន ជាជាងស្តាប់របាយការណ៍មន្រ្តីមូលដ្ឋាន។ សម្តេចតេជោ គឺជាមនុស្សប្រាកដនិយម ឬជាក់ស្តែងនិយម និងជឿជាក់និយមម្នាក់៕