ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ ការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនណាមួយ យកការប្រាក់ មិនមែនជាការវិនិយោគក្នុងវិស័យអចលនទ្រព្យនោះទេ

ជុំវិញ​ឧកញ៉ា


មួយរយៈចុងក្រោយនេះ នៅពេលដែលវិស័យអចលនទ្រព្យរងនូវផលប៉ះពាល់ មានព័ត៌មានជាច្រើន បានលេចចេញជាបន្ដបន្ទាប់ ជាពិសេសព័ត៌មាននៃការទិញដីខ្យល់ ឬការទិញដីមិនបានដី ទិញអចលនទ្រព្យមិនបានអចលនទ្រព្យ។ ត្រង់បញ្ហានេះ លោកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបញ្ជាក់ថា ទាំងនេះមិនមែនការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺជាការដាក់លុយដើម្បីទទួលបានការប្រាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ដល់បទសម្ភាសន៍ពិសេសជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បានលើកឡើងថា បងប្អូនមួយចំនួនតែងមានការយល់ច្រឡំថា ការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនណាមួយ ដើម្បីបានការប្រាក់ច្រើន ជាការវិនិយោគក្នុងវិស័យអចលនទ្រព្យ ប៉ុន្ដែនេះមិនមែនជាការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ។

លោកឧកញ៉ា បានបន្ដថា ក្រុមហ៊ុនមួយចំនួនបានរងនៅផលប៉ះពាល់ជាច្រើន នៅពេលដែលវិបត្តិអចលនទ្រព្យបានកើតមានឡើងនៅក្នុងប្រទេស បណ្ដាលឱ្យក្រុមហ៊ុនទាំងនោះ គ្មានចលនានៃការទិញលក់ បាត់បង់ហិរញ្ញវត្ថុ គ្មានលុយសម្រាប់ផ្ដល់ជាការប្រាក់ដល់ប្រជាពលរដ្ឋ ឬអ្នកវិនិយោគជាមួយគាត់វិញ។

វិបត្ដិលើវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុនណាមួយ បានជះឥទ្ធិពលមិនល្អនោះទេ ដល់អ្នករកស៊ីលើវិស័យនេះក្នុងប្រទេសទាំងមូល ព្រោះថានៅពេលដែលមានលេចលឺព័ត៌មានមិនល្អពីវិស័យអចលនទ្រព្យក្នុងប្រទេស ធ្វើឱ្យអ្នកវិនិយោគមកពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយគិតអវិជ្ជមានទៅលើវិស័យអចលនទ្រព្យ ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់យើង។ ម្យ៉ាងវិញទៀតដោយសារតែព័ត៌មានមិនល្អទាំងនេះ បានក្លាយ ជាកត្ដាលីករជំរុញបង្អាក់សកម្មភាពនៃការចង់ចូលមកវិនិយោគ របស់វិនិយោគគិនក្រៅស្រុក។ លោកឧកញ៉ា បន្ថែម។

ជាមួយនឹងការព្រួយបារម្ភ លោកឧកញ៉ាបណ្ឌិត សំ សុខនឿនថា ខ្ញុំតែងតែចែករំលែកចំណេះដឹងលើវិស័យអចលនទ្រព្យនេះ លើបណ្ដាញសង្គមជាច្រើនហូរហែមកហើយ ហើយខ្ញុំមិនចង់ឱ្យក្រុមហ៊ុនណាមួយ អ្នកវិនិយោគណាមួយ រងផលប៉ះពាល់ ឬជួបវិបត្តិជាមួយនឹងវិស័យអចលទ្រព្យនោះទេ។

សូមជម្រាបជូនថា បញ្ហាវិបត្ដិអចលនទ្រព្យនេះទោះបីជារាជរដ្ឋាភិបាលមានការអនុគ្រោះផ្នែកពន្ធជាច្រើន ដូចជាពន្ធមូលធន ពន្ធលើដីមិនប្រើប្រាស់ និងពន្ធលើដីអចលនទ្រព្យមួយចំនួនដែលស្ថិតនៅក្រោមតម្លៃ១២ម៉ឺនដុល្លារ ដើម្បីរុញវិស័យអចលនទ្រព្យឱ្យមានការរីកចម្រើន និងជំរុញឱ្យវិនិយោគគិនក្រៅស្រុកចូលមកវិនិយោគក្នុងប្រទេសយ៉ាងណាក៏ដោយ ក៏វិស័យអចលនទ្រព្យរបស់កម្ពុជាមិនទាន់ល្អប្រសើរដូចមុនឆ្នាំ២០១៩នោះទេ។ បញ្ហាទាំងនេះបណ្ដាលមកពី៖ ១, រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ២, សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទាំងពីរកត្ដានេះគឺជាឧបសគ្គក្នុងការបញ្ឈប់ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ៕