ក្នុងរយៈពេល២ថ្ងៃជាប់គ្នា អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក-សមាជិកាសមាគមឧកញ៉ាកម្ពុជា ចូលរួមបរិច្ចាគ ថវិកា សម្ភារៈសិក្សានិងមធ្យោបាយធ្វេីដំណេីរ សម្លៀកបំពាក់ និងគ្រឿងឧបភោគ បរិភោគ ដែលសរុបជាថវិកាប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក ជូនដល់សាលាអនុវិទ្យាល័យមួយកន្លែងនៅខេត្តកណ្តាល និងមណ្ឌលកុមារកំព្រាចំនួន ៤ នៅខេត្តកំពង់ស្ពឺ។
កាលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ អ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមឧកញ៉ាកម្ពុជា ព្រមទាំងសប្បុរសជននានា បានកៀរគរថវិកាបានប្រមាណជាង ៥,៦ម៉ឺនដុល្លារ ជូនដល់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងនាយកសាលា សរុប ២៦៥នាក់ នៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ស្ថិតនៅភូមស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថវិកាទាំងនេះ ក៏នឹងយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារៈសិក្សា កង់ កាបូប សម្លៀកបំពាក់ សៀវភៅអាន និងធ្នើដាក់សៀវភៅ ជាដើម។
បន្ថែមពីនេះ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ អ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ចំនួន ២៥រូប បាននាំយកនូវជំនួយឧបត្ថម្ភជាថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាសរុបចំនួន ៤០,៣៤៧ ដុល្លារអាមេរិក ជួយផ្ទាល់ដល់កុមារកំព្រា និងអ្នកមើលថែសរុបចំនួន ២៣៤នាក់ នៅមណ្ឌលកុមារកំព្រាចំនួន ៤ គឺ មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ មណ្ឌលកុមារព្រៃជុំ សហគមន៍ផ្ទះជាក្រុមរបស់យើង និងមណ្ឌលកុមារក្តីសង្ឃឹមថ្មី ក្នុងខេត្តកំពង់ស្ពឺ។
បើតាមប្រសាសន៍របស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ការរៀបចំបង្កើតកម្មវិធីសប្បុរសធម៌ខាងលើនេះឡើង គឺក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សាលានិងមណ្ឌលកុមារកំព្រាទាំង៤ ក៏ដូចជាសិស្សានុសិស្សផ្ទាល់។ សកម្មភាពសប្បុរសធម៌នេះ ជាបេសកកម្មមួយរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួម អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈសកម្មភាពពាណិជ្ជកម្ម ការបង្កើតការងារ និងការចែករំលែកធនធាន ក៏ដូចជាសម្ភារៈ ដើម្បីសម្រាលការលំបាកផ្សេងៗរបស់ប្រជាជនកម្ពុជាផងដែរ៕