យន្តហោះផលិតក្នុងស្រុកដំបូងរបស់ចិន ត្រូវប៉ាន់ខ្លាំង ក្រោយទទួលបានការកម្ម៉ង់ទិញរាប់សិបគ្រឿង

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន នៅថ្ងៃអង្គារ ទី២០ ខែកុម្ភ:នេះ បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ C919 ចំនួន ៤០ គ្រឿង និងប្រភេទ ARJ21 ចំនួន ១០ គ្រឿង ពី COMAC ដែលជាក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុកដំបូងរបស់រដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទាំងពីរនេះ បានឈានដល់ការចុះហត្ថខាលើកិច្ចព្រមព្រៀងទិញ លក់របស់ពួកគេ នៅឯខាងក្រៅនៃកម្មវិធីតាំង​បង្ហាញ Singapore Airshow ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines និងក្រុមហ៊ុន COMAC បានប្រកាសថាពួកគេនឹងធ្វើការស្រាវជ្រាវរួមគ្នា នូវប្រភេទយន្តហោះ C919 ខ្នាតតូចដែលអាចផ្ទុកអ្នកដំណើរចន្លោះពី ១៤០ នាក់ ទៅ ១៦០ នាក់ និងមានសមត្ថភាពអាចចុះចត នៅអាកាសយានដ្ឋានដែលមានកម្ពស់ខ្ពស់បាន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអាកាសចរណ៍ស៊ីវិលហឺណាន ដែលគាំទ្រដោយរដ្ឋរបស់ចិន នៅថ្ងៃអង្គារដដែលនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COMAC សម្រាប់ការ​បញ្ជា​ទិញយន្តហោះប្រភេទ ARJ21 ចំនួន ៦ គ្រឿង ដែលមានឯកទេសសម្រាប់ការពន្លត់អគ្គីភ័យ ផ្តល់សេវាវេជ្ជសាស្រ្ត និងការគ្រប់គ្រងគ្រាអាសន្ន។

ជម្រាបជូនផងដែរថា COMAC បានទទួលការបញ្ជាទិញយន្តដឹកអ្នកដំណើរប្រភេទ C919 ច្រើនជាង ១ ០០០ គ្រឿងរួចមកហើយ គិតមកទល់ពេលនេះ ដែលភាគច្រើនមកពីក្រុមហ៊ុនអាកាសចរណ៍ចិនផ្ទាល់តែម្តង។ នេះបើតាមរបាយការណ៍ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ៕