អ្នកឧកញ៉ា លាង ម៉េង ផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ គូ៤ស្មើ ទូទាំងប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២១ ខែកុម្ភៈ បានរៀបចំសន្និសីទកាសែត ការប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 44 នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងអនុគណៈកម្មការបច្ចេកទេស ការប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 44 កីឡាករបាល់ទះ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា ការបន្ដគាំទ្រលើគ្រប់ប្រភេទកីឡារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រោះតែចង់បណ្ដុះនូវធនធានមនុស្សឱ្យបានច្រើន និងសម្រេចក្ដីបំណងរបស់កូនខ្មែរដែលចង់ក្លាយជាកីឡាករ។ អ្នកឧកញ៉ាបានពន្យល់ថា ប្រសិនកូនខ្មែរមានបំណងចង់ក្លាយជាកីឡាករ មិនថា បាល់ទះ មិនថាប្រដាល់ ប្រសិនបើអត់មានការរៀបចំព្រឹត្តិការណ៍ប្រកួតទេ ពួកគាត់អាចនឹងអស់សង្ឃឹម ហើយបញ្ចប់ក្ដីស្រមៃរបស់ខ្លួនជាមិនខាន។ ហើយខ្ញុំ សង្ឃឹម និងជឿជាក់ថា ប្រជាពលរដ្ឋដែលមានចំណង់ចំណូលចិត្តលើវិស័យកីឡា នឹងចូលរួមប្រកួត ក៏ដូចជាលើកស្ទួយវិស័យកីឡាបាល់ទះឱ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង ក៏បានរំលេចពីចក្ខុវិស័យ និងក្ដីសង្ឃឹមថា តាមរយៈការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងរបស់ ភេសជ្ជៈប៉ូវកម្លាំង វើក លើការជំរុញវិស័យកីឡាបាល់ទះកម្ពុជា នាពេលអនាគត អ្នកឧកញ៉ា ពិតជាចង់ឃើញ ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា រកបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES ជូនជាតិមាតុភូមិ ជាក់ជាមិនខាន។

លោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ការបន្ដគាំទ្រឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង WURKZ លើព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ៤ទល់៤ នេះ នឹងជំរុញឱ្យវិស័យកីឡាបាល់ទះកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេស ជួយឱ្យសហព័ន្ធបានបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេសកម្ពុជា និងធ្វើឱ្យអត្តពលិក អាចបង្ហាញខ្លួននៅគ្រប់ព្រឹត្តិការណ៍កីឡាបាល់ទះនៅលើទីលាន ព្រមទាំងអាចផ្ដល់ឱកាស ដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចម្រាញ់យកអត្តពលិក ដែលមានគុណភាពពិតប្រាកដ យកមកកែច្នៃ ដុសខាត់ឱ្យក្លាយជាកីឡាករជម្រើសជាតិ របស់កម្ពុជាផងដែរ។

ការប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4*4 នៅដើមឆ្នាំ២០២៤នេះ ទទួលបានការគាំទ្រ និងឧបត្ថម្ភផ្ដាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំងវើក។ បន្ថែមពីនោះ អ្នកឧកញ៉ា លាង ម៉េង ក៏បានប្រកាសជាថ្មីម្ដងទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ជូនដល់ សហព័ន្ធកីឡាបាល់ទះកម្ពុជា រយៈពេល ១០ឆ្នាំ សម្រាប់គាំទ្រដល់ការបណ្តុះបណ្តាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ ដែលជាតម្រូវការចាំបាច់។

សូមជម្រាបជូនថា ការប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4*4 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមចំនួន១៦ក្រុម (៨ក្រុមមកពីវគ្គជម្រុះភូមិភាគ និង៨ក្រុមខ្លាំង) បែងចែកជា៥គោលដៅផ្សេងគ្នា ដោយប្រកួតនៅគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា៕