ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ អាចគ្រោងនឹងបើកការដ្ឋានសាងសង់បាននាដើមឆ្នាំ២០២៥ ខាងមុខនេះ។
ការឡើកឡើងដូច្នេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារ រវាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះ លោក ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថានឹងអាចបើកការដ្ឋានសាងសង់បាននាដើមឆ្នាំ២០២៥ ខាងមុខ។
ក្នុងឱកាសនោះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤ ត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាព និងឱកាសពិចារណាលើការវិនិយោគ ចំពោះគម្រោងណាមួយ នៅក្នុងផែនការមេខាងលើផងដែរ។
សូមរម្លឹកដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ) មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖ស្ពានទី ១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម និងស្ពានទី ២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)។
សូមជម្រាបថា គម្រោងឥណទានទឹកប្រាក់ជាង ២៤៥ លានដុល្លារសម្រាប់សាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕ អត្ថបទ៖ រង្សី