តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានលើកឡើងថា ការនាំចេញធ្យូងថ្មកំដៅរបស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់ទីផ្សារក្រៅប្រទេស កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅបំបែកកំណត់ត្រា ដ្បិត ការនាំចេញសម្រាប់រយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤នេះ នឹងកើនឡើដល់ទៅចំនួន ៩០លានតោនឯណោះ។
ប្រទេសឥណ្ឌូណេស៊ីទំនងជានឹងនាំចេញធ្យូងថ្មកម្តៅបានខ្ទង់ចំនួន ៩០លានតោននៅចន្លោះពីខែមករា រហូតដល់ដំណាច់ខែកុម្ភៈឆ្នាំនេះ ពោលស្មើនឹងការកើនឡើងជាង២៤% បើធៀបនឹងខែដូចគ្នាកាលពីក្នុងឆ្នាំ២០២៣ ។ យ៉ាងណាបើក្រឡេកមកមើលអំពីសមិទ្ធិផលនាំចេញសរុបក្នុងឆ្នាំ២០២៣ វិញប្រទេសឥណ្ឌូណេស៊ីបាននាំចេញធ្យូងថ្មក្នុងចំនួន ៥០៤,៦លានតោន ដូច្នេះហើយប្រសិនបើការនាំចេញមាននិរន្តរភាពបែបនេះរហូតនោះ ការនាំចេញធ្យូងថ្មនៅក្នុងឆ្នាំ២០២៤ អាចនឹងឈានដល់ចំណុចបំបែកកំណត់ត្រាជាក់ជាមិនខាន។
គិតមកដល់ពេលនេះ ឥណ្ឌូណេស៊ីមានចំណែកទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសជាច្រើន ក្នុងនោះទីផ្សារចម្បងជាងគេគឺប្រទេសចិនដែលមានចំនួន៣៣% ឥណ្ឌាមាន១៥% ឯកូរ៉េខាងត្បូងមានចំនួន៥,៨% ចំណែកហ្វីលីពីនវិញមាន៥,១%ផងដែរ។ យ៉ាងណា បរិមាណនៃការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង ហ្វីលីពីន ជប៉ុន និងម៉ាឡេស៊ីជាដើម បានធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២៣ ប៉ុន្តែវាទំនងជានឹងកើនឡើងម្តងទៀតនៅដំណាច់ខែកុម្ភៈនេះ៕