កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត គាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

ជុំវិញ​ឧកញ៉ា

តាមរយៈវីដេអូរយៈពេលជាង៣០វីនាទី ដែលផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានគាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានយល់ឃើញថា គ្រឿងញៀនបំផ្លាញអ្នកប្រើប្រាស់ផ្ទាល់ គ្រឿងញៀនបំផ្លាញគ្រួសារ គ្រឿងញៀនបំផ្លាញសង្គមជាតិ។ ដោយហេតុថាគ្រឿងញៀនជាសារធាតុមួយដ៏អាក្រក់បែបនេះ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានអំពាវនាវឱ្យយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ។

សម្រាប់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត គឺមានអារម្មណ៍រំភើបរីករាយ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់បែបនេះ៕