លោក ខេម តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម Galaxy Navatra បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋគ្រប់រូបឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ការផ្តាំផ្ញើរបស់លោកខេមបែបនេះ ស្របពេលជាមួយនឹងការចេញបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យចាត់វិធានការតឹងរឹងនៅតាមគ្រប់ក្រសួង ស្ថាប័ន ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀន និងឈានដល់ការបញ្ចប់មុខតំណែង ឬ ដេញចេញពីក្របខណ្ឌតែម្តងប្រសិនជារកឃើញករណីនេះ។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងបែបនេះនៅក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នៅរសៀលថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ចំពោះករណីគ្រឿងញៀននេះវិញ លោក ខេម បានលើកឡើងថា គ្រឿងញៀនបានបំផ្លាញសុភមង្គលក្នុងគ្រួសារ អនាគត រួមទាំងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រហែលជា១០ឆ្នាំមុន លោកបានបកស្រាយចម្រៀងមួយមានចំណងជើងថា “ទឹកភ្នែកក្មេងពាល” ដែលបានឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតប្រាកដរបស់គ្រួសារមួយ ធ្លាប់តែសប្បាយ រួសរាយ និងមានសុភមង្គល បែរជាត្រូវបំផ្លាញទាំងស្រុងដោយសារឥទ្ធិពលគ្រឿងញៀនទៅវិញ។
លោក ខេម បាននិយាយថា៖ “អ៊ីចឹង គ្រឿងញៀនវាប្រៀបដូចជារោគម្យ៉ាង ឱ្យតែយើងភ្លេចខ្លួន វានឹងអាចឆ្លងទៅដល់ប្រទេសយើង ភូមិយើង ស្រុកយើង ខេត្តយើង ហើយបើយើងកាន់តែភ្លេចខ្លួនទៀត វាអាចរាលដាលដល់ទៅគ្រួសារយើងផ្ទាល់តែម្តង” ។
ហេតុដូច្នេះហើយ លោក ខេម ផ្តាំទៅពលរដ្ឋម្តងហើយម្តងទៀត កុំមើលស្រាលគ្រឿងញៀនឱ្យសោះ គ្រឿងញៀនបំផ្លាញប្រទេសជាតិ គ្រួសារ អ្នកស្រុក និងសង្គមទាំងមូល។ លោកសំណូមពរឱ្យពលរដ្ឋចែករំលែកសារនេះបន្តឱ្យបានច្រើន ដើម្បីជាប្រយោជន៍រួមរបស់ជាតិ ហើយប្រសិនជាអាចគឺចូលរួមលេងកីឡាជាមួយលោកដើម្បីសុខភាពល្អទាំងអស់គ្នា និងមិនមានពេលវេលានៅក្បែរគ្រឿងញៀនឡើយ៕