តាមរយៈវីដេអូរយៈពេលជាង៥០វីនាទី ដែលផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានគាំទ្រចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។
កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានយល់ឃើញថា គ្រឿងញៀនបំផ្លាញនូវសេចក្តីសុខ និងសង្គមគ្រួសារ គ្រឿងញៀនបំផ្លាញប្រទេស គ្រឿងធ្វើឱ្យបាត់បង់នូវសេចក្តីសុខ បាត់បង់ការស្រឡាញ់។ឧកញ៉ា ព្រាប សុវត្ថិ ក៏បានអំពាវដល់បងប្អូន យុវជនត្រូវចៀសវាងឱ្យផុតពីគ្រឿងញៀនទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលនៃប្រទេសជាតិ។ ត្រូវតែឆ្លើយថាទេចំពោះគ្រឿងញៀន។
គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ៕