ទន្ទឹមនឹងការអំពាវនាវរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថាមានមន្រ្តីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ បានធ្វើឱ្យកំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ ។
កំពូលតារាចម្រៀងល្បីៗទាំងនោះរួមមាន លោកឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា , លោក ខាន់ ជេមស៍ , លោក ជុំ លីណូ និងតារាចម្រៀងលោក Vikit ជាដើម…។
កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy ទាំងអស់ បានបង្ហាញទស្សនៈស្រដៀងគ្នាថា ពួកគេមានការពេញចិត្តជាខ្លាំង ចំពោះចំណាត់ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសូមអំពាវនាវដល់យុវវ័យទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន , គ្រឿងញៀនបំផ្លាញខ្លួនអ្នក បំផ្លាញគ្រួសារអ្នក និងសង្គមជាតិ និងសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីប្រទេសជាតិគ្មានគ្រឿងញៀន និងយុវជនជំនាន់ក្រោយក្លាយជាទំពាំងស្នងឫស្សី អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។
ជាមួយគ្នានេះនោះផងដែរ ក៏មានអ្នកសិល្បៈជាច្រើនដួងទៀត បានបង្ហាញសារគាំទ្រ ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ។ បន្ទាប់ពីឃើញវីដេអូរបស់កំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម Galaxy Navatra ចេញមុខប្រកាសគាំទ្របែបនេះជាបន្តបន្ទាប់ បានធ្វើឱ្យមហាជនជាច្រើនស្ងើចសរសើរ និងពេញចិត្តនូវគំនិតរបស់សិល្បករទាំងអស់គ្នា ហើយពួកគេថែមទាំងបានស្នើសុំឱ្យបងប្អូនប្រជាជនទូទាំងប្រទេស ចូលរួមទប់ស្កាត់ គ្រឿងញៀនទាំងអស់គ្នា ដូចដឹងស្រាប់ហើយថា គ្រឿងញៀនគឺប៉ះពាល់ខ្លាំងដល់សង្គមជាតិទាំងមូល ៕