ឧកញ៉ា លាង ពៅ និងលោក ទៀ ស្យាម ដឹកនាំម្ចាស់រថយន្ដ Super Car និង Hyper Car ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ទៅកាន់ទីលានបើកបររថយន្តខ្នាតអន្តរជាតិ នៅប្រទេសថៃ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស និងជាស្ថាបនិកក្រុមរថយន្ត REV UP Beyond Supercar រួមជាមួយនឹង លោក ទៀ ស្យាម ប្រធានក្រុម Cambodia Car Culture នៅថ្ងៃទី២៣ ខែកុម្ភៈ នឹងដឹកនាំម្ចាស់រថយន្ដ Super Car និង Hyper car នៅប្រទេសកម្ពុជា ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ទីលាន​បើកបរ​រថយន្តលំដាប់អន្តរជាតិ នាទឹកដីខេត្តបូរីរាំ ប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់របស់ លោកឧកញ៉ា លាង ពៅ ក្នុង​សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ នៅអាគារពាណិជ្ជកម្ម ជីប ម៉ុង ថោវើ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើមូលហេតុអ្វី បានជាលោកឧកញ៉ា លាង ពៅ និងលោក ទៀ ស្យាម បង្កើតឱ្យមានព្រឹត្តិការណ៍ជិះរថយន្តឆ្លងប្រទេស​ដ៏អស្ចារ្យនេះឡើង? ហើយថាតើ តើហេតុអ្វី បានជាទីលានបើកបររថយន្តដ៏ធំខ្នាតអន្តរជាតិ នៅប្រទេសថៃ អញ្ជើញ​ម្ចាស់​រថយន្ត super car និងhyper car ល្បីៗពីកម្ពុជា ជាភ្ញៀវកិត្តិយសអន្តរជាតិលំដាប់ VIP ដល់ទីលាន?

លោកឧកញ៉ា លាង ពៅ ម្ចាស់រថយន្ត Bugatti Chiron ដ៏ប្រណីតបំផុតនៅកម្ពុជា មានប្រសាសន៍ថា ការសហការរៀបចំ​របស់ Cambodia Car Culture ជាមួយ REV UP Beyond Supercar ដែលផ្ដួចផ្ដើមដឹកនាំម្ចាស់រថយន្ដ super car និង hyper car ទៅកាន់ប្រទេសថៃនេះ នឹងនាំមកនូវបទពិសោធន៍ថ្មី ប្លែកដែលមិនធ្លាប់មាន។ មួយវិញទៀតការធ្វើដំណើរ​មានរយៈចម្ងាយឆ្ងាយ ចូលខ្ទង់ពាន់គីឡូម៉ែត្រនេះ ចូលទឹកដីបូរីរ៉ាំ ប្រទេសថៃ នឹងនាំយកនូវបទពិសោធន៍ថ្មី និង​អនុស្សាវរីយ៍​ល្អៗ ដល់ម្ចាស់រថយន្តsuper car និង hyper car ស្គាល់គ្នាកាន់តែច្រើន។ ជាពិសេសក្នុងចំណោម​ម្ចាស់​រថយន្ត super car និង hyper car ភាគច្រើន ពួកគាត់សុទ្ធតែជាអ្នកជំនួញ ដូច្នេះតាមរយៈការរៀបចំឱ្យមានព្រឹត្តិការណ៍​បែបនេះ ក៏នឹងអាចជាស្ពានមួយភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់ពួកគាត់បានមួយផ្នែកផងដែរ។

លោកឧកញ៉ា ស្ថាបនិក REV UP Beyond Supercar រូបនេះ បានពន្យល់បន្ថែមថា៖ នាព្រឹកព្រលឹម ថ្ងៃទី២៣ ខែកុម្ភៈ ម្ចាស់រថយន្ត Super Car និង Hyper Car ដែលបានចុះឈ្មោះទាំងអស់ នឹងជួបជុំគ្នានៅបរិវេនអាគារពាណិជ្ជកម្ម ជីប ម៉ុង ថោវើ រួចធ្វើដំណើរចេញពីភ្នំពេញ ទៅខេត្តសៀមរាប ដើម្បីឆ្លៀតថតរូបប្រូម៉ូតទេសចរណ៍ Super Car នៅទឹកដីដ៏អច្ឆរិយៈ​របស់កម្ពុជាយើង រួចបន្តដំណើរទៅព្រំដែនអូស្មាច់ ចូលទឹកដីបូរីរ៉ាំ ប្រទេសថៃ តែម្ដង។

លោក ទៀ ស្យាម ក៏បានបញ្ជាក់បន្ថែមថា ការធ្វើដំណើរផ្លូវឆ្ងាយបែបនេះ នឹងធ្វើឱ្យម្ចាស់ super car និង hyper car ទាំងអស់ បានរៀនសូត្រពីបច្ចេកកវិទ្យា និងចំណេះដឹង ក្នុងការបើកបររថយន្ដក្នុងទីលានប្រណាំង ដោយបើកដោយ​សុវត្ថិភាព ចំណាយពេលតិច។ ជាពិសេសនោះ គឺពួកយើងនឹងដកស្រង់បទពិសោធន៍ ដែលបង្រៀនពីអ្នកជំនាញ មុននឹង​អនុញ្ញាតឱ្យចូលបើកនៅលើ ទីលានបូរីរ៉ាំ ដែលជាទីលានបើកបររថយន្តដ៏ល្បី និងមានការទទួលស្គាល់កម្រិតពិភពលោក៕