ផលិតកម្មរថយន្តក្នុងប្រទេសថៃធ្លាក់ចុះជិត ១៣% ខណ:ការលក់ក្នុងស្រុកស្រុតចុះខ្លាំង

អន្តរជាតិ

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភ:នេះថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះដល់ទៅ ១២,៤៦% នៅក្នុងខែមករាកន្លងទៅ មកនៅត្រឹមចំនួន ១៤២ ១០២ គ្រឿងប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំមុន ខណ:ពេលដែលការលក់ក្នុងស្រុកក៏ធ្លាក់ចុះខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Surapong Paisitpattanapong អ្នក​នាំពាក្យ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​របស់ FTI បាន​និយាយ​ថា ការ​លក់​រថយន្ត​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះដល់ទៅ ១៦,៤២% ក្នុង​ខែ​មករា​ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ លោក​បាន​បន្ត​ទៀតថា ការ​នាំ​ចេញ​រថយន្ត​ក៏​បាន​ធ្លាក់​ចុះ​ប្រហែល ០,១% ផងដែរ។

ទន្ទឹមនឹងនេះ លោក Surapong បាន​និយាយទៀតថា ការ​ធ្លាក់​ចុះ​ទិន្នផល​ផលិតភាគ​ច្រើន​គឺ​ដោយ​សារ​ធនាគារ​រឹតបន្តឹង​ទាក់ទងទៅនឹងកម្ចី​សម្រាប់​រថយន្តប្រភេទ​ភីកអាប់ ស្របពេល FTI បានព្យាករថា ការផលិតរថយន្តសរុបនៅឆ្នាំនេះ អាចមានចំនួន ១,៩ លានគ្រឿង ខណ:ក្នុងឆ្នាំ២០២៣ កន្លងទៅ ការផលិតរថយន្តសរុបមានចំនួន ១,៨៤ លានគ្រឿង។

ជម្រាបជូនផងដែរថា ប្រទេសថៃត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ ៕