សមាគមអ្នកសាងសង់កម្ពុជា បង្ហាញសមាសភាពថ្នាក់ដឹកនាំថ្មី ១២រូប ដោយផ្លាស់ប្តូរសមាជិក១រូប

ជុំវិញ​ឧកញ៉ា

សមាគមអ្នកសាងសង់កម្ពុជា (CCA) ​​កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ​​បាន​បង្ហាញ​សមាសភាព​​ថ្នាក់ដឹកនាំ​ថ្មី​​ទាំង​ចំនួន ១២រូប សម្រាប់​អាណត្តិទី៥ (២០២២-២០២៥) ក្នុងនោះ​មាន​ការ​ផ្លាស់ប្តូរសមាជិក​មួយ​រូប គឺសមាជិក​ទី១២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការ​បង្ហាញ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់សមាគមអ្នកសាងសង់កម្ពុជា ​​កាលពី​ម្សិលមិញ​នេះ ​​បាន​ឱ្យ​​ដឹង​ថា សមាសភាពថ្នាក់ដឹកនាំ ១២រូប សម្រាប់​អាណត្តិទី៥ រួមមាន៖ ​​​

១. អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធាន (អគ្គនាយកក្រុមហ៊ុន OCIC)
២. ឧកញ៉ា ហាន ឃាង ជាអនុប្រធានទី១ (ម្ចាស់ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារឹង)
៣. ឧកញ៉ា លី ឈួង ជាអនុប្រធានទី២ (ម្ចាស់ក្រុមហ៊ុន លី ឈួង សំណង់)
៤. អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអគ្គលេខាធិការ (អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប)
៥. អ្នកឧកញ៉ា លាង ម៉េង ជាអគ្គលេខាធិការរងទី១ (សហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប)
៦. អ្នកឧកញ៉ា ឃុន សៀ ជាអគ្គលេខាធិការរងទី២ (អគ្គនាយកក្រុមហ៊ុន ឃុន សៀ ឌីវើលុបមេន គ្រុប)
៧. ឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គហិរញ្ញិក (ម្ចាស់ក្រុមហ៊ុន មេហ្គា ខេមបូឌា ខនស្រ្តាក់សិន)
៨. ឧកញ៉ា ជឹម ឃាន ជាសមាជិក (ម្ចាស់ក្រុមហ៊ុន បូរីសែនសុខ)
៩. អ្នកឧកញ៉ា សៀ ឬទ្ធី ជាសមាជិក (អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុប)
១០. ឧកញ៉ា ហ្គុយ ឆាយ ជាសមាជិក (តំណាងមកពីក្រុមហ៊ុន ព្រីនស៍ គ្រុប របស់អ្នកឧកញ៉ា ចេន ហ្សុី)
១១. លោក តាំង ចេងអ័ង ជាសមាជិក (អគ្គនាយកក្រុមហ៊ុន តាំង ចេងអ័ង)
១២. លោក លឹម អេងហេង ជាសមាជិក (តំណាងក្រុមហ៊ុន ខាសថ៍ លេបប័ររេថឹរី ខែមបូឌា ឯ.ក) ជំនួសលោក ហ្គារីង គីនឆួយ។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។

តាមលក្ខន្តិកៈរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលចុះហត្ថលេខាដោយ​ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១១ បាន​ឱ្យ​ដឹង​ថា សមាគមនេះ​បង្កើតឡើងមានចក្ខុវិស័យធំៗចំនួន៣ គឺ៖ ១)ប្រែក្លាយ​ឧស្សាហកម្មសំណង់​របស់ជាតិ ជាឧស្សាហកម្ម​ប្រកបដោយ​ទំនុកចិត្ត ផលិតភាព គណនេយ្យភាព និង​ការប្រកួត​ប្រជែង ទាំង​ក្នុង​ទីផ្សារជាតិ និង​អន្តរជាតិ, ២)ធ្វើឱ្យ​សមាជិកទាំងអស់​របស់​សមាគម​ក្លាយជា​​អ្នកសាងសង់​មាន​លំដាប់ស្តង់ដា​ខ្ពស់ និង​ចំណាត់ថ្នាក់​លំដាប់​អន្តរជាតិ និង ៣)ជាអង្គការ​ជួយ​សម្របសម្រួល​ទំនាក់ទំនង​រវាង​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​សំណង់ ដើម្បី​ផ្តល់នូវ​ផលប្រយោជន៍ ដល់ឧស្សាហកម្ម​សំណង់។

គណៈកម្មាធិការប្រតិបត្តិ​របស់​សមាគមអ្នកសាងសង់កម្ពុជា (ថ្នាក់ដឹកនាំ) ដែលមានសមាជិក​យ៉ាង​តិច ១១រូប​ ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​សមាជិក​របស់​សមាគម តាមរយៈការបោះឆ្នោត​ក្នុង​មហាសន្និបាត និង​មាន​អាណត្តិ ៣ឆ្នាំ។ ចាប់តាំង​ពី​ឆ្នាំ២០១១ មក សមាគមនេះ​​​បាននិង​កំពុង​​បន្ត​សកម្មភាព​របស់​ខ្លួន រយៈពេល ៥អាណត្តិ​ហើយ ដែល​ក្នុង​នោះ អ្នកឧកញ៉ា ពុង ឃាវសែ គឺជា​ប្រធានគណៈកម្មាធិការប្រតិបត្តិ (ប្រធានសមាគម) ទាំង ៥ អាណត្តិ ប៉ុន្តែមានការផ្លាស់ប្តូរសមាសភាព​ផ្សេងៗមួយចំនួន៕