កម្ពុជាគ្រោងធ្វើគម្រោងធំៗដែលជាគម្រោងអាទិភាពចំនួន១៧៤ ត្រឹមឆ្នាំ២០៣៣ ដោយមានទំហំវិនិយោគប្រមាណ ៣៦ ៦៧៩លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។
របាយការណ៍ខាងលើបានឱ្យដឹងថា ត្រឹមឆ្នាំ២០៣៣ កម្ពុជាមានផែនការធ្វើនូវគម្រោងធំៗចំនួន១៧៤ ដែលគម្រោងទាំងនោះរួមមាន៖ ១, គម្រោងដឹកជញ្ជូនតាមផ្លូវថ្នល់៩៤គម្រោង ២,គម្រោងដឹកជញ្ជូនតាមផ្លូវដែក៨គម្រោង ៣, គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេ២៣គម្រោង ៤, គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រ២០គម្រោង ៥, គម្រោងអភិវឌ្ឍន៍អាកាសចរណ៍ស៊ីវិល១០គម្រោង ៦,គម្រោងអភិវឌ្ឃន៍ប្រព័ន្ធឡូជីស្ទិក ១៥គម្រោង និងផ្សេងៗ៤គម្រោង។
របាយការណ៍ដដែលបានបញ្ជាក់ថា គម្រោងទាំងនោះត្រូវការទុនវិនិយោគប្រមាណ ៣៦ ៦៧៩លានដុល្លារ។ក្នុងនោះគម្រោងដឹកជញ្ជូនតាមផ្លូវថ្នល់គ្រោងគ្រោងទុនវិនិយោគប្រមាណ ១៣ ៦០២,៤៣លានដុល្លារ, គម្រោងដឹកជញ្ជូនតាមផ្លូវដែកគ្រោងទុនប្រមាណ១០ ០១០លានដុល្លារ, គម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេគ្រោងទុនវិនិយោគប្រមាណ ៣ ២៥១លានដុល្លារ, គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រគ្រោងទឹកប្រាក់ប្រមាណ ៥ ៤៦១លានដុល្លារ, គម្រោងអភិវឌ្ឍន៍អាកាសចរណ៍ស៊ីវិលប្រមាណ ៣ ២៩៧,៩០លានដុល្លារ និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធឡូជីស្ទីកប្រមាណ៩៥៧,៥០លានដុល្លារ។
គួរឱ្យដឹងថា ការប៉ាន់ស្មានតម្រូវការទុនវិនិយោគនៃគម្រោងទាំងនោះ ពឹងផ្អែកទៅលើហិរញ្ញប្បទាន៣ប្រភព៖ ១, យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាជាតិ ២, យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានពីក្រៅប្រទេស និង៣, យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សូមជម្រាបជូនថា ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ជាការដាក់ផែនការដើម្បីឈានទៅសម្រេចគោលបំណងធំ៤ រួមមាន ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលីនយោបាយអភិវឌ្ឍន៍ជាតិ និងពង្រឹងប្រសិទ្ធភាព សេវា និងចំណាយឡូជីស្លីក៕