វៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី១០ របស់ប្រទេសសិង្ហបុរី ក្នុងខែមករា

អន្តរជាតិ

វៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី១០ របស់ប្រទេសសិង្ហបុរី នៅក្នុងខែមករា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបឈានដល់ជាង ២,៩ពាន់លានដុល្លារសិង្ហបុរី (២,១៦ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ១៨,០៨% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅក្នុងរដ្ឋដីកោះមួយនេះ បានរាយការណ៍ឲ្យដឹងទៀតថា ការនាំចេញភាគច្រើនរបស់វៀតណាម ទៅកាន់សិង្ហបុរីទទួលបានកំណើនខ្ពស់ក្នុងខែមករា។ ក្នុងចំណោមនោះទំនិញនាំចេញដ៏សំខាន់ដូចជា ដែក និងផលិតផលដែកកើនឡើងជាង ៣០ដង ខណៈពេលដែលអំបិល ស្ពាន់ធ័រ ដី ថ្ម កំបោរ និងស៊ីម៉ងត៍កើនឡើង ១,២២ដង។

ទន្ទឹមនឹងនេះ ការនាំចេញខ្លាញ់សត្វ និងប្រេងឆា កើនឡើង ៨៥.៣២% ស្របពេលគ្រឿង​ម៉ាស៊ីន គ្រឿងបរិក្ខារ ទូរស័ព្ទ​ដៃ គ្រឿង​បន្លាស់ ​បាន​កើន​ឡើង ៥០,៦២% ដល់តម្លៃ ២៥៥,២លាន​ដុល្លារសិង្ហបុរី។

ដោយឡែកចំពោះការនាំចូលរបស់វៀតណាម ពីប្រទេសសិង្ហបុរីវិញ ទំនិញសំខាន់ៗជាងគេមានដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារ ទូរស័ព្ទដៃ និងគ្រឿងបន្លាស់ ត្រូវបានគេរាយការណ៍ថាមានការកើនឡើង ១៩,៨២% ខណ:ទំនិញសេសសល់​ផ្សេងទៀត​មាន​កំណើន​ជាង ​២០%។

ជម្រាបជូនផងដែរថា ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសសិង្ហបុរី ការិយាល័យពាណិជ្ជកម្មវៀតណាម នឹងបន្តធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងស្ថានភាពនាំចូល-នាំចេញទៅកាន់រដ្ឋដីកោះមួយនេះ ដោយសម្រួលទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ ក៏ដូចជាជួយដល់ក្រុមហ៊ុនសិង្ហបុរី ក្នុងការស្វែងរកប្រភពទំនិញ និងការវិនិយោគនៅវៀតណាមបន្ថែមទៀត ផងដែរ៕