TOP News: សមាគមឧកញ៉ាកម្ពុជា និង FICCI ប្រកាសផ្លូវការ«ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា» ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំពីរ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា (COA) និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) បានសម្រេចចាប់ផ្តើមជាផ្លូវការនូវ «ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (the India-Cambodia Joint Business Council) ឬ (ICJBC)» កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា ក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគតាមរយៈកិច្ចពិភាក្សា និងសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ពីទីក្រុងញ៉ូដេលី នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានឲ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា មានគោលបំណងបង្កើតឡើងនូវយន្តការពិគ្រោះយោល់ទ្វេភាគីដើម្បីឱ្យបណ្តាធុរជនដ៏មានសក្តានុពលនៃប្រទេសទាំងពីរអាចជជែកពិភាក្សាព្រមទាំងស្នើនូវដំណោះស្រាយផ្សេងៗដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមទាំងការលើកកម្ពស់និងការសម្របសម្រួលពាណិជ្ជកម្មក៏ដូចជាការផ្គូផ្គងដៃគូក្នុងវិស័យឧស្សាហកម្ម នវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងកិច្ចសម្របសម្រួលលើបម្លាស់ប្តូរបច្ចេកវិទ្យារវាងភាគីទាំងពីរ ជាពិសេសផ្តោតទៅលើវិស័យអាទិភាពរួមមាន៖ កសិកម្ម, ផលិតកម្មកែច្នៃម្ហូបអាហារ, សុខាភិបាល, ឱសថ, សំណង់និងហេដ្ឋារចនាសម្ព័ន្ធ,ព័ត៌មានវិទ្យា, វិស័យអប់រំ, ទេសចរណ៍, ឧស្សាហកម្មយានយន្ត និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ 

បើតាមអ្នកឧកញ៉ាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចរួមគ្នានេះមាននាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេសជាលេខាធិការដ្ឋានសម្រាប់ភាគីឥណ្ឌា ចំណែកសមាគមឧកញ៉ាកម្ពុជាគឺជាលេខាធិការដ្ឋានសម្រាប់ភាគីកម្ពុជា។ ចំពោះកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា បានធ្វើឡើងនៅរដ្ឋធានីញូវដេលីក្រោមការរៀបចំដោយ សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា (FICCI)។ នៅក្នុងពិធីសម្ពោធជាផ្លូវការនេះក៏មានការផ្គូផ្គងដៃគូវិនិយោគរវាងភាគីទាំងពីរដោយរួមមានក្រុមធុរជនរបស់កម្ពុជាជាមួយនឹងក្រុមពាណិជ្ជកររបស់ឥណ្ឌាដែលសុទ្ធតែជាក្រុមហ៊ុនធំៗផងដែរ។

លើសពីនេះ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសមាគមឧកញ៉ាកម្ពុជា ក៏នឹងចុះហត្ថលេខារួមគ្នាលើឯកសារយោងសំខាន់ៗដើម្បីបង្កើតនូវយន្តការនៃកិច្ចប្រជុំប្រជុំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចរួមនេះដោយនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ឬនៅក្នុងប្រទេសកម្ពុជាពោលគឺអាស្រ័យលើការសម្រេចរវាងភាគីទាំងពីរ។ 

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ការប្រកាសជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា(ICJBC) ដែលនឹងផ្តល់នូវឱកាសដល់វិស័យឯកជនរវាងប្រទេសទាំងពីរបានចូលរួមពេញសិទ្ធិនិងជាផ្លូវការកម្រិតខ្ពស់បំផុតមួយ ដែលមានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលដែលប្រាកដជានឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគហើយពង្រឹងភាពជាដៃគូទ្វេភាគីរវាងឥណ្ឌានិងកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត»។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា «ពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជានេះ គឺជាបោះជំហានចូលទៅកាន់ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះជាគឺជាវេទិកាមួយដែលនឹងអនុញ្ញតឱ្យយើងកំណត់បាននូវបញ្ហាប្រឈម និងការប្រកួតប្រជែងនានាដើម្បីបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់បំពេញផលប្រយោជន៍សេដ្ឋកិច្ចជាតិទៅវិញទៅមក»។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងថា «ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជាបានបោះជំហានយ៉ាងលឿនបំផុតហើយភាពជោគជ័យនៃកិច្ចប្រជុំក៏ដូចជាពិធីប្រកាសជាផ្លូវការនេះបានផ្តល់ឱ្យខ្ញុំនូវសុទិដ្ឋិនិយមខ្ពស់។ ការពិភាក្សាដោយបើកចំហរនិងប្រកបដោយផ្លែផ្កាដែលភាគីទាំងពីរបានធ្វើនៅថ្ងៃនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារវាងធុរជនកម្ពុជា និងឥណ្ឌាដើម្បីបង្កើតកាលានុវត្តភាពកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការនៃវិស័យឯកជនរបស់ប្រទេសទាំងពីរ»។ អ្នកឧកញ៉ាបានថ្លែងសង្កត់ធ្ងន់ថា «ខ្ញុំមានទំនុកចិត្តថា ក្រុមប្រឹក្សានេះនឹងក្លាយជាយន្តការមួយប្រកបដោយអានុភាពដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិតាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ប្រកបដោយអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ»។

សូមបញ្ជាក់ថា ការប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជានេះនឹងទាក់ទាញបណ្តាធុរជននៅក្នុងប្រទេសទាំងពីរកាន់តែខ្លាំងដើម្បីចូលរួមក្នុងការត្រួសត្រាយមាគ៌ាដ៏ត្រចះត្រចង់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌា និងកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងវិបុលភាពរួមគ្នានាពេលអនាគត