ជួបទូតកម្ពុជានៅឥណ្ឌា អ្នកឧកញ៉ា ហ៊ុន ឡាក់ បង្ហាញតួនាទីស្នូលសមាគមឧកញ៉ាកម្ពុជាកំពុងអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រាប់បង្ហាញទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា អំពីតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជាដែលបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូមួយដ៏មានសក្តានុពល ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាធុរកិច្ចនៅទីក្រុងញូវដេលី នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា ជំនួបនេះនឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់ដែលកំពុងប្រកបជំនួញលើពហុវិស័យនៅកម្ពុជាអាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀតក្នុងវិស័យសក្តានុពលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនឥណ្ឌា ដោយមានការជួយសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាផងដែរ។

ថ្លែងក្នុងឪកាសនោះលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានាជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។ លោកបន្តថា ស្ថានទូតនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាជូនបណ្តាធុរជនឥណ្ឌា ជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាជាមួយដៃគូឥណ្ឌា ដែលសុទ្ធសឹងតែជាពាណិជ្ជករមានសក្តានុពលដើម្បីជាគុណប្រយោជន៍ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

លើសពីនេះ លោកសង្កត់ធ្ងន់ថា តាមរយៈសមាគមឧកញ៉ាកម្ពុជាគឺជាច្រកមួយក្នុងការកៀរគរវិនិយោគិនផងដែរនាពេលខាងមុខតាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួលដោយស្ថានទូតក្នុងភាពជាដៃគូផ្នែកឯកជនមួយដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍជាតិ និងការបង្កើតការងារជាដើម។ 

លោកគូសបញ្ជាក់បន្ថែមថា ខណៈពេលនេះស្ថានទូតកម្ពុជាកំពុងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌាដើម្បីឈានទៅដល់ការសម្រេចជាស្ថាពរអំពីការភ្ជាប់ជើងហោះហើរត្រង់រវាងទឹកដីឥណ្ឌាមកកាន់ខេត្តសៀមរាបនាអំឡុងខែមេសា ឬយ៉ាងយូរត្រឹមខែមិថុនាខាងមុខនេះដែលជាការពង្រីកសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។ 

ជាមួយគ្នានេះដែរ លោកឯកអគ្គរាជទូតក៏បានតាំងចិត្តរួមគ្នាជាមួយសមាគមឧកញ៉ាកម្ពុជា ក្នុងការបន្តកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកកាលានុវត្តភាពបន្ថែមទៀតជួយដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងគ្នាដើម្បីបង្កឱ្យមានជំនួបធុរកិច្ចជាបន្តបន្ទាប់នាពេលខាងមុខទៀត។

សូមជម្រាបជូនថា ឥណ្ឌា គឺជាប្រទេសដែលមានសក្តានុពលធំមានប្រជាជនច្រើននិងមានទំហំសេដ្ឋកិច្ចលំដាប់លេខ៣នៅលើពិភពលោក ចំណែកឯជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា​និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកាលពីឆ្នាំ២០២៣មានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចូលទំនិញពីឥណ្ឌាមានចំនួន ១៩៣លានដុល្លារអាម៉េរិក ចំណែកការនាំចេញទៅឥណ្ឌាមានចំនួន ២៩៣លានដុល្លារអាម៉េរិក៕