ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩ នេះបានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះពីហេតុការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុ។
ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងក្រោយពីមានហេតុការណ៍បាក់រលំអគារកំពុងសាងសង់កម្ពស់៧ជាន់នៅក្នុងសង្កាត់៤ខេត្តព្រះសីហនុ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតចំនួន២៦នាក់និងរងរបួសចំនួន២៤នាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតគិតត្រឹមម៉ោង២:៥០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
ក្រោយហេតុការណ៍បាក់រលំអគារនេះកើតឡើង លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលកំពុងចូលរួមក្នុងសិក្ខាសាលាសប្បុរសធម៌ជាមួយសិស្សនិស្សិតនៅក្នុងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សោកស្តាយជាពន់ពេកចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ។ ភ្លាមៗលោកក៏បានណែនាំដល់បុគ្គលិកពាក់ព័ន្ធដើម្បីរៀបចំថវិកាបរិច្ចាគនិងចូលរួមគាំពារដល់ជនរងគ្រោះជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមដែលអាចធ្វើបាន។
សូមរំលឹកថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអប់រំមានបុត្រសម្ព័ន្ធជាសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ជាងនេះទៅទៀត ក្រុមហ៊ុននេះ ក៏មានមូលនិធិ ម៉េងលី ជេ. គួច ដែលមានសកម្មភាពច្រើនក្នុងការជួយសង្គ្រោះដល់ប្រជាជនក្រីក្រ និងជួយដល់សង្គមកម្ពុជាទាំងមូលផងដែរ។