កម្ពុជា និងអាមេរិក បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវិស័យការពារជាតិ និងសន្តិសុខ។ នេះបើតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបនោះ នៅចំពោះមុខគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតីបានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។
សម្រាប់ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានបង្ហាញពីគោលជំហរបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និត ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជានឹងក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិក (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧)។
ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការតំបន់ និងអន្តរជាតិផងដែរ រួមទាំងជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ កន្លងទៅ។
សូមជម្រាបជូនថា ក្នុងជំនួបនេះសម្តេចធិបតី និងលោក Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវិស័យការពារជាតិនិងសន្តិសុខជាដើម៕