កាលពីចុងឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកទ្វារសេតវិមាន ស្វាគមន៍ក្រុមការងារ Architectural Digest ក្នុងការចូលទៅទស្សនាផ្ទាល់នៅក្នុងសេតវិមាន ដើម្បីថតទុកជាឯកសារនានា។
យោងតាមរយៈវីដេអូបង្ហោះនៅលើគេហទំព័រយូធូប របស់ក្រុមការងារផ្ទាល់បានបង្ហាញពីទិដ្ឋភាពនៅក្នុងសេតវិមាន ដែលមានប្រណីតភាព និងស្រស់ស្អាត ហើយកន្លែងមួយនោះក៏ពោរពេញទៅដោយការចងចាំល្អៗរបស់មេដឹកនាំអាមេរិកទី៤៦ រូបនេះផងដែរ។
អំឡុងពេលថតទិដ្ឋភាពនៅក្នុងសេតវិមាន លោក ចូ បៃដិន បានប្រាប់ទៅកាន់ក្រុមការងារថតថា នៅពេលដែលលោកអង្គុយធ្វើការម្ដងៗ លោកតែងតែមានអារម្មណ៍ស្រស់ថ្លា ដោយសារបានមើលឃើញនូវបុគ្គល ២រូប ដែលលោកកោតស្ញប់ស្ញែង គឺទីមួយលោកដុកទ័រ Martin Luther King ជាមេដឹកនាំក្រុមបដិវត្តន៍ទាមទារសិទ្ធជនស៊ីវិលនៅឆ្នាំ ១៩៥៥ និងបុគ្គលទីពីរ គឺលោក Bobby Kennedy ជាបងប្អូនបង្កើតរបស់អតីតប្រធានាធិបតីអាមេរិក លោក John Kennedy។
ជាមួយគ្នា នៅការិយាល័យរបស់លោក ក៏ពោរពេញទៅដោយរូបថតក្រុមគ្រួសារផងដែរ ដោយលោកបានបង្ហាញពីរូបថតកូនស្រី ដែលមានឈ្មោះថា Ashley នាថ្ងៃមង្គលការរបស់នាង និងរូបថតកូនប្រុស ដែលមានឈ្មោះថា Beau ដែលបានចែកឋាន កាលពីឆ្នាំ២០១៥ ដោយសារជំងឺមហារីកខួរក្បាល។
បន្ថែមពីនោះ លោកក៏បានចែករំលែកនូវអនុស្សាវរីយល្អៗជាច្រើន ដែលមានអំឡុងពេលបំពេញការងារជាមួយអតីតប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូង លោក បារ៉ាក់ អូបាម៉ា ផងដែរ ដោយបានបង្ហាញរូបថតរបស់អ្នកទាំង២ រួមទាំងម្ដាយរបស់លោក និងបានប្រាប់ក្រុមការងារថា ម្ដាយរបស់លោកបានដឹកដៃលោក និងលោក អូបាម៉ា ឡើងទទួលងារជាប្រធានាធិបតី និងជាអនុប្រធានាធិបតីថែមទៀត។
កាន់តែពិសេសនោះគឺ លោក បៃដិន បានបង្ហាញនូវបន្ទប់ទទួលទានអាហារឯកជន សម្រាប់តែប្រធានាធិបតី និងបុគ្គលសំខាន់ៗផ្សេងទៀតប៉ុណ្ណោះ និងបានបង្ហើបប្រាប់ថា កន្លែងនេះជាកន្លែងដែលលោកទទួលទានអាហារថ្ងៃត្រង់ ជាមួយលោក អូបាម៉ា រៀងរាល់មួយសប្ដាហ៍ម្ដង សម្រាប់រយៈពេល ៨ឆ្នាំ ដែលលោក អូបាម៉ា កាន់តំណែងកំពូលនៅសហរដ្ឋអាមេរិក។
ក្រៅពីនោះ លោកក៏បានបង្ហាញនូវត្ថុមានតម្លៃជាច្រើនទៀត ដែលបានដាក់តាំងបង្អួតនៅក្នុងសេតវិមាន ដូចជា ដុំថ្មយកមកពីឋានព្រះចន្ទ គម្ពីរបៃបលដែលលោកតែងយកជាប់ខ្លួន និងរូបថតអនុស្សាវរីយរបស់ក្រុមគ្រួសារជាច្រើនថែមទៀត៕