នាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ មហាសេដ្ឋីរុស្ស៊ី Yury Antipov ហាក់ជួបទុក្ខផ្ទួនៗ ពោលទើបត្រូវបានរដ្ឋាភិបាលដកហូតរោងចក្រផលិតដែកថែបចំនួន៣ ឥឡូវនេះរូបលោកថែមទាំងត្រូវបានក្រុមអាជ្ញាធរឃាត់ខ្លួនថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា ចំពោះការឃាត់ខ្លួនមហាសេដ្ឋីម្នាក់នេះ គឺទាក់ទងនឹងករណីឆបោក ស្របពេលការដកហូតរោងចក្រចំនួន៣ របស់អ្នកជំនួញម្នាក់នេះ គឺជាប់ពាក់ព័ន្ធនឹងករណីជម្លោះឯកជនភាវូបនីយកម្ម។
តុលាការក្នុងតំបន់ Sverdlovsk បានបញ្ជាឲ្យមានការផ្ទេរកម្មសិទ្ធគ្រប់គ្រងរោងចក្រ ChEMK, Kuznetsk Ferroalloys និង Serov Ferroalloy ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលវិញ ក្រោយរកឃើញថា រោងចក្រទាំង៣ នេះ បានស្ថិតក្រោមការគ្រប់គ្រងឯកជនដោយខុសច្បាប់ បន្ទាប់ពីមានការដួលរលំនៃរបបសូវៀត កាលពីទសវត្សឆ្នាំ១៩៩០។
ទាក់ទងនឹងការរឹបអូសរោងចក្រទាំងបីនេះ មេធាវីរបស់មហាសេដ្ឋីរុស្ស៊ីក៏បានតវ៉ាថា ដោយសាររោងចក្រទាំងនោះ មានការចូលហ៊ុនពីធុរកិច្ចជនផ្សេង ហើយជារោងចក្រផ្គត់ផ្គង់លោហធាតុដែកធំបំផុតនៅរុស្ស៊ីផង ដូច្នេះបើសិនជារដ្ឋាភិបាលយកទៅគ្រប់គ្រង នឹងធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់នៅលើទីផ្សារ៕