ជើងហោះហើរទៅមកប្រចាំសប្តាហ៍ចិន-អាមេរិក នឹងកើនឡើងដល់ ៥០ជើងបន្ថែមទៀត

អន្តរជាតិ

នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក (USDOT) បាននិយាយកាលពីថ្ងៃទី២៦ ខែកុម្ភៈថា ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើររបស់ចិន នឹងអនុញ្ញាតឲ្យបង្កើនជើងហោះហើរទៅមកប្រចាំសប្តាហ៍ជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតពីចំនួន ៣៥ជើងនាពេលបច្ចុបន្ន ទៅដល់ចំនួន ៥០ជើងចាប់ពីថ្ងៃទី៣១ ខែមីនាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

USDOT បាននិយាយថា ការអនុម័តគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការធ្វើឲ្យមានលក្ខណៈធម្មតាបន្ថែមទៀត នៃទីផ្សារសហរដ្ឋអាមេរិក-ចិន នៅក្នុងការរំពឹងទុកនៃរដូវកាលចរាចរក្នុងរដូវក្តៅ២០២៤ ។ មិនត្រឹមតែប៉ុណ្ណោះ USDOT បានបន្តទៀតថា ខ្លួនបានចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយផលិតភាពជាមួយនិយតករអាកាសចរណ៍របស់ប្រទេសចិន ដើម្បីឆ្ពោះទៅរកការអនុវត្តផែនទីបង្ហាញផ្លូវដើម្បីផ្តល់នូវការបើកជាបណ្តើរៗ និងទូលំទូលាយនៃទីផ្សារសេវាកម្មផ្លូវអាកាសអាមេរិក-ចិន ក៏ដូចជាការវិលត្រឡប់ជាដំណាក់កាល ដែលបានបញ្ជាក់នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-ចិន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដែលមានក្រុមហ៊ុនដូចជា Delta Air Lines និងក្រុមហ៊ុន United Airlines ដែលហោះហើររួមគ្នា ៣១ជើងក្នុងមួយសប្តាហ៍ទៅកាន់ប្រទេសចិននោះបានលើកឡើងថា ខ្លួនគាំទ្រដល់វិធីសាស្រ្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបើកទីផ្សារឡើងវិញដោយសន្សឹមៗ បន្តិចម្តងៗ និងទៅវិញទៅមកជាមួយប្រទេសចិន ហើយវាជាការចាំបាច់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិករក្សាវិធីសាស្រ្តមួយនេះ។ ជាមួយគ្នានោះ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួនពិតជារីករាយដែលឃើញវឌ្ឍនភាពជាវិជ្ជមានលើការបង្កើនជើងហោះហើរដឹកអ្នកដំណើរផ្ទាល់រវាងចិន និងសហរដ្ឋអាមេរិកដូច្នេះ។

រម្លឹកទៅកាលពីខែសីហាឆ្នាំមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo ក៏បាននិយាយផងថា ខ្លួនចង់ជំរុញការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ប្រសិនបើប្រទេសចិនត្រឡប់ទៅកម្រិតទេសចរណ៍របស់សហរដ្ឋអាមេរិកដូចនៅឆ្នាំ២០១៩ វិញនោះ វានឹងបង្កើតប្រាក់ចំណូល ៣០ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងការងារប្រមាណ ៥០ ០០០កន្លែងនៅសហរដ្ឋអាមេរិក។

សូមជម្រាបថា មុនពេលដែលវិធានការចំពោះការរឹតបន្តឹងត្រូវបានអនុម័តនៅដើមឆ្នាំ២០២០ ដោយសារវត្តមានជំងឺរាតត្បាតកូវីឌ១៩ ជើងហោះហើរដឹកអ្នកដំណើរប្រចាំសប្តាហ៍ទៅមកដែលត្រូវបានអនុញ្ញាតដោយភាគីនីមួយៗមានចំនួនដល់ទៅជាង ១៥០ជើងឯណោះ ក៏ប៉ុន្តែរហូតដល់ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ចិន និងអាមេរិកអាចហោះហើរបានត្រឹមតែ ១២ជើងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ យ៉ាងណាចំនួននេះវាបានបន្តកើនឡើងបន្តិចម្តងៗរហូតដល់ចំនួន ៣៥ជើងក្នុងមួយសប្តាហ៍សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិននៅក្នុងខែវិច្ឆិកា៕