កាលពីថ្ងៃទី២៥ ខែកុម្ភៈ សារព័ត៌មាន CNN បានចុះផ្សាយថា មហាសេដ្ឋីចិន លោក Zong Qinghou បានទទួលមរណភាពនៅក្នុងវ័យ ៧៩ឆ្នាំ ដោយសាររោគាពាធ ក៏ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលំអិតទាក់ទងនឹងជំងឺនោះឡើយ។
កាលនៅរស់ លោក Zong គឺជាស្ដេចត្រាញ់មួយរូបនៅលើវិស័យជំនួញ ដោយលោកគឺជាស្ថាបនិកក្រុមហ៊ុន Wahaha ដែលជាអ្នកផលិតភេសជ្ជៈធំជាងគេបំផុតមួយ នៅប្រទេសចិន។
មហាសេដ្ឋីម្នាក់នេះ ត្រូវបានធុរកិច្ចជនល្បីៗដូចជា លោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba និងលោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi ចាត់ទុកជាអាយដល និងជានិមិត្តរូប ហើយបុណ្យសពរបស់លោក ត្រូវបានប្រជាជនចិនកាន់ទុក្ខសឹងពេញផ្ទៃប្រទេស។
រំលឹកពីប្រវត្តិចេញរកស៊ីរបស់មហាសេដ្ឋីរូបនេះបន្តិច ដោយចាប់ផ្ដើមដំបូងលោកលក់ភេសជ្ជៈនៅតាមរទេះក្បែររបងសាលារៀន ហើយដោយសារការតស៊ូ និងភាពវៃឆ្លាត លោកបានពង្រីកខ្លួនម្ដងបន្តិចៗ រហូតបង្កើតបានជាក្រុមហ៊ុនខ្នាតយក្ស ដែលជំនាញលើការផលិតភេសជ្ជៈគ្រប់ប្រភេទ និងអាហារកំប៉ុងថែមទៀត។
ប្រជាជនចិនគ្រប់រូបបានចាត់ទុកលោក Zong ជាវីរបុរស និងជានិមិត្តរូប ដោយសារលោកគឺជាសហគ្រិនជំនាន់ទីមួយនៅប្រទេសចិន ដែលជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសមហាអំណាចមួយនេះ ក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ក្រោយមានការរៀបចំកំណែទម្រង់ទីផ្សារចិនឡើងវិញ។
លោក Zong ក៏ធ្លាប់ក្លាយជាកំពូលអ្នកមានដាច់គេនៅប្រទេសចិន ២លើកផងដែរ ពោលគឺកាលពីឆ្នាំ២០១០ និងឆ្នាំ២០១២ បន្ទាប់ពីយកឈ្នះក្ដីលើក្រុមហ៊ុនបារាំង Danone ជុំវិញការប្ដឹងផ្ដល់ ដណ្ដើមសិទ្ធគ្រប់គ្រងក្រុមហ៊ុន Wahaha ពេញលេញ។
បើទោះជាមានលុយច្រើនហូរហៀរក្ដី ក៏ប៉ុន្តែលោក Zong រស់នៅតាមបែបជីវិតសាមញ្ញបំផុត ដោយស្លៀកសម្លៀកបំពាក់ថោកៗ គ្មានគ្រឿងអលង្ការ និងសម្ភារៈនិយមច្រើនដូចជាមហាសេដ្ឋីដទៃទៀតឡើយ។
បន្ថែមពីនោះ លោកគឺជាមនុស្សម្នាក់ដែលងប់ងុលជាមួយការងារ ពោលជារៀងរាល់ថ្ងៃ លោកតែងតែចាប់ផ្ដើមការងារនៅម៉ោង ៧ព្រឹក ហើយចេញពីការិយាល័យនៅម៉ោង ១១យប់។
សូមជម្រាបដែរថា គិតនៅត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Zong Qinghou មានទ្រព្យសម្បត្តិសរុបប្រមាណ ៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes៕