មនុស្សជំនិតរបស់លោក ចូ បៃដិន គ្រោងចាកចេញពីសេតវិមាន ដើម្បីទៅធ្វើការឲ្យក្រុមហ៊ុន Apple

អន្តរជាតិ

លោកស្រី Olivia Dalton ដែលជាលេខាធិការរងផ្នែកសារព័ត៌មានសំខាន់របស់សេតវិមាន និងជាជំនួយការផ្ទាល់របស់ប្រធានាធិបតី លោក ចូ បៃដិន ថ្មីៗនេះ បានប្រាប់ទៅកាន់បុគ្គលិកជាន់ខ្ពស់ថា លោកស្រីគ្រោងនឹងចាកចេញពីសេតវិមាន ដើម្បីទៅធ្វើការនៅក្នុងក្រុមហ៊ុនលំដាប់កំពូល Apple ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភ:កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា លោកស្រី Dalton ត្រូវបានគេរំពឹងថានឹងចាកចេញពីសេតវិមាន នៅពាក់កណ្តាលខែមីនាខាងមុខនេះ ដើម្បីទៅធ្វើការជាអ្នកទំនាក់ទំនងជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Apple ។

គួរឲ្យដឹងថា លោកស្រី Dalton បានចូលរួមដោះស្រាយបញ្ហាគោលនយោបាយក្នុងស្រុក និងបរទេសជាច្រើនសម្រាប់ប្រធានាធិបតី លោក បៃដិន នៅពេលដែលលោកស្រីធ្វើជាអនុប្រធានលេខាធិការសារព័ត៌មានសម្រាប់សមាជិកព្រឹទ្ធសភា និងក្រោយមកបានក្លាយជាលេខាធិការរងសារព័ត៌មានរបស់សេតវិមាន ចាប់តាំងពីខែសីហា ឆ្នាំ២០២២ ។

នៅមុនចូលកាន់តំណែងនេះ លោកស្រី ក៏ធ្លាប់បានចំណាយពេលភាគច្រើននៃអាណត្តិដំបូងរបស់អតីតប្រធានាធិបតី លោក Barack Obama ក្នុងនាមជាលេខាធិការសារព័ត៌មាននៅនាយកដ្ឋានដឹកជញ្ជូន និងជាលេខាធិការសារព័ត៌មានរបស់ស្រ្តីទីមួយ លោកស្រី Michelle Obama ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឡើងវិញ ក្នុងឆ្នាំ២០១២ ផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីលោកស្រី Dalton ស្ថាបត្យករម្នាក់ក្នុងចំណោមស្ថាបត្យករនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក គឺលោក Joelle Gamble ក៏កំពុងមានបំណងក្នុងការចាកចេញពីសេតវិមានផងដែរ៕