តាមរយៈប្រភពពីសារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនកំពូលបច្ចេកវិទ្យាឈានមុខគេ Apple បានលុបចោលនូវគម្រោងផែនការក្នុងការផលិតរថយន្តអគ្គិសនីដែលមានសមត្ថភាពអាចបើកបរដោយខ្លួនឯងហើយ បន្ទាប់ពីក្រុមហ៊ុនបានចំណាយពេលវេលា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមអស់រយៈពេលមួយទសវត្សកន្លងមកនេះ។
ការលុបចោលគម្រោងក្នុងការបង្កើតយានជំនិះស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple ត្រូវបានគេប៉ាន់ប្រមាណថា បានធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកប្រមាណជាពីរពាន់នាក់ ដែលកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងនេះ ពោលបុគ្គលិកមួយចំនួននឹងត្រូវបញ្ជូនទៅធ្វើការលើបញ្ញាសិប្បនិម្មិតជំនួសវិញ ខណៈដែលមនុស្សជាច្រើនផ្សេងទៀតត្រូវបានគេរំពឹងទុកថា នឹងត្រូវបញ្ឈប់ពីការងារ។
គួរជម្រាបថា Apple បានជំរុញកិច្ចខិតខំយ៉ាងខ្លាំងចំពោះគម្រោងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនមួយនេះ ដោយបាននាំយកមកនូវនាយកប្រតិបត្តិពីក្រុមហ៊ុនរថយន្តម៉ាកល្បីៗដូចជា Lamborghini និង Tesla ជាដើម ដើម្បីមើលការខុសត្រូវលើការអភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងបានធ្វើការទិញយកក្រុមហ៊ុន Drive.ai ផងដែរ៕