ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការ និងដាក់ឱ្យដំណើរការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល និងជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសគឺកសិករ ដោយសារ App នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គូផ្គង ឬជាកន្លែងជួបគ្នារវាងកសិករ និងម្ចាស់រោងម៉ាស៊ីនទិញស្រូវ។ លោកបន្តថា App នេះ នឹងផ្តោតសំខាន់ទៅលើការទិញលក់តែស្រូវ និងអង្ករតែប៉ុណ្ណោះ ហើយតាមរយៈ App នេះ នឹងធ្វើបច្ចុប្បន្នភាពនូវតម្លៃស្រូវជានិច្ច ដែលនឹងផ្តល់ភាពងាយស្រួលអ្នកដែលស្វែងរកទិញស្រូវពីកសិករ។
លោកឧកញ៉ាបន្ថែមថា ស្របពេលកសិករនៅមានកម្រិតលើការប្រើប្រាស់បច្ចេកវិទ្យា សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការជាមួយក្រសួងកសិកម្ម ដើម្បីឱ្យនិស្សិតស្ម័គ្រចិត្ត និងនិស្សិតដែលបានប្រឡងជាប់ជាមន្រ្តីកសិកម្មបម្រើការងារនៅតាមឃុំនីមួយៗ ចូលរួមក្នុងការជួយដល់កសិករឱ្យចេះប្រើប្រាស់ App នេះឱ្យកាន់តែច្បាស់។
លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ជាពិសេសកម្មវិធីនេះ គឺសំដៅជួយលើកកម្ពស់ដល់សហគមន៍កសិករ។
តាមឱ្យដឹងពីលោកឧកញ៉ា ចាន់ សុឃាំង ប្រទេសកម្ពុជា ជាប្រទេសមួយប្រកបដោយអំណោយផលនៃធម្មជាតិជាច្រើនទាំងសណ្ឋានដី អាកាសធាតុ តែដោយសារសង្គ្រោម បានធ្វើឱ្យកសិករកម្ពុជាចំនួន ជាង២៨% ឬប្រហាក់ប្រហែល១.០៩លានគ្រួសារ មានដីស្រែតិចជាង ១ហិកតា និង កសិករចំនួន១១% ជាង ៤សែន៥ម៉ឺនគ្រួសារធ្វើស្រែដោយការជួលដី។ កសិករទាំងពីរប្រភេទនេះជាប្រភេទកសិករដែលងាយរងគ្រោះជាងគេព្រោះថ្លៃដើមផលិតខ្ពស់ ដែលមិនអាចផលិតស្រូវប្រភេទធម្មតាយកបរិមាណបានទេ មានតែការជំរុញនៃការផលិតដោយផ្តោតយកគុណភាព គុណតម្លៃ ដែលអាចផ្តល់តម្លៃបន្ថែម លើការលក់កសិផលរបស់ខ្លួន។
លោកឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា សហព័ន្ធស្រូវអង្គរកម្ពុជា កំពុងធ្វើយ៉ាងណាឱ្យ ទីផ្សារអង្ករកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ លើបច្ចុប្បន្នភាពនៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង នាឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង ២០២២ សម្រាប់ពូជស្រូវ ផ្ការំដួល និងពានរង្វាន់មាសចិនអាស៊ាន ឆ្នាំ២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប០១៕