SCB កំពុងខិតជិតក្នុងការទិញយកធនាគារ Home Credit របស់វៀតណាម ក្នុងតម្លៃ ៩០០លានដុល្លារ

អន្តរជាតិ

SCB X Plc ដែលជាធនាគារដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវបានគេរាយការណ៍មកថា កំពុងខិតជិតក្នុងការទិញយកធនាគារ Home Credit ក្នុងប្រទេសវៀតណាម សម្រាប់កិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃដល់ទៅ ៩០០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ SCB ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន SET របស់ប្រទេសថៃ កំពុងនាំមុខគេក្នុងចំណោមគូប្រជែងផ្សេងទៀត បន្ទាប់ពីពួកគេបានផ្តល់ជូនកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ ដល់ធនាគារ Home Credit Vietnam សម្រាប់ការទិញយកនៅក្នុងតម្លៃចន្លោះពី ៨០០លានដុល្លារទៅ ៩០០លានដុល្លារ ។

ទន្ទឹមនឹងនេះ បើតាមគេហទំព័រ Bloomberg News បានរាយការណ៍ផងដែរថា Home Credit បានចាប់ផ្តើមដំណើរការដាក់លក់ធនាគាររបស់ខ្លួនកាលពីឆ្នាំមុន ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់ធនាគារ Kasikornbank របស់ប្រទេសថៃ និងធនាគារ KB Kookmin ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ KB Financial Group របស់កូរ៉េខាងត្បូង ផងដែរ។

ជម្រាបជូនផងដែរថា ដោយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៧ ធនាគារ Home Credit មានប្រតិបត្តិការ នៅក្នុងប្រទេសជាច្រើននៅទូទាំងតំបន់អាស៊ី អឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងអតីតសហភាពសូវៀត។ ដោយធនាគារដ៏ធំបំផុតរបស់វៀតណាមនេះ ស្ថិតនៅក្រោមការគ្រប់គ្រងដោយ PPF ដែលជាក្រុមហ៊ុនដែលកាន់កាប់ដោយក្រុមគ្រួសាររបស់មហាសេដ្ឋីឆេក Petr Kellner ជាមួយនឹងការផ្តល់សេវាកម្មជាច្រើនដូចជាផ្នែកហិរញ្ញវត្ថុ ទូរគមនាគមន៍ ការផលិត ប្រព័ន្ធផ្សព្វផ្សាយ និងជីវបច្ចេកវិទ្យា៕