ឧកញ៉ាបណ្ឌិត គីម ហ៊ាង សម្លឹងឃើញឱកាសបែបណា ក្រោយសម្ដេចធិបតី បើកទ្វារស្វាគមន៍ប្រតិភូក្រុមហ៊ុនអាមេរិកទាំង ១៧ នៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia នាថ្ងៃទី២៩ កុម្ភៈ នេះ បានបញ្ចេញទស្សនៈ និងក្ដីរំពឹងខ្ពស់ ក្រោយជំនួបការទូតពាណិជ្ជកម្ម រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយលោក Brian D. McFeeters  នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូក្រុមហ៊ុនធំៗរបស់អាមេរិក ចំនួន ១៧ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍តាមរយៈសារអេឡិចត្រូនិក ចេញពីកម្មវិធី “វេទិការធុរកិច្ច និងវិនិយោគ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម” ពីរាជធានីអាប៊ូដាប៊ី ប្រទេសអាមីរ៉ាតអារ៉ាប់រួម ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានសុទិដ្ឋិនិយមខ្ពស់ លើវិស័យធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា៖ “សម្រាប់ខ្ញុំមើលឃើញថា ក្នុងអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី សម្ដេចព្យាយាមមែនទែន ដើម្បីទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគបន្ថែមនៅស្រុកខ្មែរយើង ជាពិសេសបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងៗដូចជា នៅអុឺរ៉ុប អាមេរិកជាដើម ហើយនេះជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជឿនលឿនជាផ្សេងៗទៀត នឹងត្រៀមបន្តមកបណ្ដាក់ទុនរកសុីនៅកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងអាណត្តិទី៧ នេះ។”

សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី១ លើពិភពលោក។ ដូច្នេះប្រសិនបើក្រុមហ៊ុនធំៗ ឬវិនិយោគិនអាមេរិក មកបណ្ដាក់ទុនរកសុីនៅប្រទេសណាកាន់តែច្រើន ប្រទេសសេដ្ឋកិច្ចធំៗ ដែលជិតស្និតជាមួយអាមេរិក ក៏នឹងមកតាមដែរ អាចមានដូចជា អង់គ្លេស អូស្ត្រាលី ជប៉ុន កូរ៉េ ជាដើម។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្ថែម។

គួរបញ្ជាក់ថា ក្រោយជំនួបជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្រុមហ៊ុនធំៗអាមេរិកទាំង ១៧ នោះ សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ ដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។ល។ នេះបើតាមការគូសបញ្ជាក់ពីលោក Brian D. McFeeters ប្រាប់សម្តេចធិបតី នាយករដ្ឋមន្រ្តី។

KW Cambodia គឺជា​ម៉ាកយីហោក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមួយដ៏ធំនៅសហរដ្ឋអាមេរិក និងលើពិភពលោក ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខតាំងពីក្នុងឆ្នាំ២០២៨ នាំចូលមកពង្រីកសាខាបន្តក្នុងប្រទេសកម្ពុជា ដោយគិតរយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ។ ​ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។ Keller Williams Realty បច្ចុប្បន្នមាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ​ និងមាន​ក្រុមការងារជិត ២សែននាក់ នៅ​ទូទាំង​ពិភពលោក។ KW Cambodia សព្វថ្ងៃ មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម ​ព្រះសីហនុ និង​ខេត្ត​កំពត ៕