ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ (សូគីម៉ិច) របស់អ្នកឧកញ៉ា សុខ គង់ ដែលកំពុងវិនិយោគលើវិស័យប្រេងឥន្ធនៈ បានប្រកាសដេញថ្លៃជាសាធារណៈ ជ្រើសរើសក្រុមហ៊ុនសាងសង់អគារការិយាល័យកម្ពស់ ២០ជាន់។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រុមហ៊ុនសូគីម៉ិច។
តាមសេចក្តីជូនដំណឹងខាងលើ ក្រុមហ៊ុនកំពុងជ្រើសរើសក្រុមហ៊ុនសំណង់ដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីចូលរួមដេញថ្លៃសាងសង់គម្រោងអគារការិយាល័យរបស់ក្រុមហ៊ុនសូគីម៉ិច មានកម្ពស់ ២០ជាន់ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ២២ វិថីក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្រាប់ក្រុមហ៊ុនសំណង់ ដែលចង់ចូលរួមដេញថ្លៃសាងសង់អគារខាងលើនេះ អាចទំនាក់ទំនងការិយាល័យរដ្ឋបាលក្រុមហ៊ុនសូគីម៉ិច ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅអគារលេខ១៣១ ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមទូរសព្ទ័លេខ ០៨៨ ៧៣១ ៨២ ៩០ ឬ ០១៧ ៧៣៤ ៧៣៥។
គួរបញ្ជាក់ថា អ្នកឧកញ៉ា សុខ គង់ ជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច, សុខា អូតែល & រីសត, សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាងកាហ្វេ សុខា, ទឹកពិសាគុណភាពខ្ពស់ ឋានសួគ៌បូកគោ និងកាស៊ីណូ Sokha Vegas នៅខេត្តព្រះសីហនុ។ អ្នកឧកញ៉ា បានបង្កើតក្រុមហ៊ុន សូគីម៉ិច (ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច) តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងបានបន្តភាពជោគជ័យពង្រីកបុត្រសម្ព័ន្ធជាហូរហែ មានវត្តមានរីកចម្រើនរហូតមកដល់បច្ចុប្បន្ន៕