ក្រុមហ៊ុនខ្នាតយក្សអាល្លឺម៉ង់ BMW គ្រោងសាងសង់រោងចក្រផលិតអាគុយ ក្នុងប្រទេសថៃនៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុន BMW Group Thailand ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង នៅប្រទេសថៃក្នុងឆ្នាំនេះ ក្នុងគោលបំណងគាំទ្រដល់ការលក់អាគុយរថយន្ត EV និងរថយន្ត plug-in hybrid EV របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់ EV របស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Alexander Baraka ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Group Thailand បាននិយាយថា ៖ “យើងបានសម្រេចចិត្តហើយថានឹងវិនិយោគលើការផលិតអាគុយរថយន្តអគ្គិសនីនៅទីនេះ ដោយសារប្រទេសចិនបាននិងកំពុងពង្រីកការវិនិយោគ EV ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសថៃ” ។

ទន្ទឹមនឹងនេះ លោក​ Baraka បាន​បន្ត​ទៀតថា ​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​រោងចក្រ​ផលិត​អាគុយ​រថយន្តអគ្គិសនីរបស់ BMW បន្ទាប់​ពី​រោងចក្រ​នៅ​ប្រទេស​ចិន និង​ប្រទេស​ហុងគ្រី។

លោក Baraka ក៏បាននិយាយផងដែរថា ក្រុមហ៊ុន BMW ក៏មានគម្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ នៅខេត្ត Rayong ផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវអាស្រ័យទៅលើការសិក្សាចំពោះកក្តាសំខាន់ៗមួយចំនួនជាមុនសិន រួមទាំងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់បន្ទះឈីប semiconductors ជាដើម។

ជម្រាបជូនផងដែរថា ទីផ្សាររថយន្ត EV របស់ប្រទេសថៃ កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧស្សាហកម្មនេះ ក្នុងគោលបំណងធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់៕