នាថ្ងៃទី០១ ខែមីនា មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Meta Platforms គឺលោក Mark Zuckerberg បានធ្វើដំណើរទៅដល់ទីក្រុង Jamnagar ប្រទេសឥណ្ឌា ដើម្បីចូលរួមកម្មវិធី Pre-Wedding របស់កូនពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TheStatesMan បានបង្ហាញថា លោក Mark និងភរិយា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនៅប្រលានយន្តហោះ ហើយក៏ទទួលបាននូវកម្រងផ្កា ក៏ដូចជាការសម្ដែងរបាំប្រពៃណី បង្ហាញពីភាពស្វាគមន៍រាក់ទាក់មហាសេដ្ឋីរូបនេះផងដែរ។
គួសបញ្ជាក់ដែរថា ក្រៅពីមហាសេដ្ឋី Mark Zuckerberg ក៏នៅមានកំពូលអ្នកមានផ្សេងទៀតដូចជា លោក Bill Gates លោក Gautam Adani ជាដើម សុទ្ធតែត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Pre-Wedding របស់លោក Anant Ambani និងគូដណ្ដឹង Radhika Merchant។
សូមជម្រាបបន្ថែមថា គ្រាន់តែជាកម្មវិធី Pre-Wedding មហាសេដ្ឋីមានបំផុតនៅអាស៊ីបានរៀបចំយ៉ាងធំធេងសម្រាប់កូនប្រុសពៅ រហូតដល់ទៅ ៣ថ្ងៃ ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែមីនា និងបានត្រៀមមុខម្ហូបដល់ទៅ ២ ៥០០មុខឯណោះ ហើយអញ្ជើញសុទ្ធតែបុគ្គលល្បីៗ ក្នុងការចូលរួមកម្មវិធីមួយនេះ៕