អតីតភូមិគ្រឹះមេធំ Evergrande ប្រកាសរកម្ចាស់ថ្មី ក្នុងតម្លៃជាង ៦០លានដុល្លារ

អន្តរជាតិ

យោងតាមភ្នាក់ងារអចលនទ្រព្យ Savills បានរាយការណ៍មកថា មួយក្នុងចំណោមភូមិគ្រឹះដ៏ស្កឹមស្កៃក្នុងទីក្រុងហុងកុងដែលធ្លាប់ជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group លោក Hui Ka Yan កំពុងត្រូវបានប្រកាសដាក់លក់ នៅក្នុងតម្លៃរាប់សិបលានដុល្លារ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Hui ដែលធ្លាប់ជាអ្នកកាន់កាប់ភូមិគ្រឹះធំៗចំនួនបី និងមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍទីក្រុងហុងកុង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក HK01 រាយការណ៍ថា មួយត្រូវបានដាក់លក់នៅលើទីផ្សារកាលពីមួយឆ្នាំមុន ខណ:មួយទៀតត្រូវបានរឹបអូសដោយម្ចាស់បំណុលរបស់ Hui កាលពីចុងឆ្នាំមុន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារអចលនទ្រព្យ Savills បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភ:កន្លងទៅថា ការប្រកាសដាក់លក់ភូមិគ្រឹះចុងក្រោយរបស់លោក Hui នេះ ត្រូវបានដាក់ដេញថ្លៃនៅក្នុងតម្លៃប្រមាណ ៥០០លានដុល្លារហុងកុង ឬស្មើ ៦៣,៩លានដុល្លារអាមេរិក។ 

គួរឲ្យដឹងថាភូមិគ្រឹះកម្ពស់ ​៣ ជាន់ ដែលត្រូវបានប្រកាសដាក់លក់នេះ មានទីតាំងស្ថិតនៅលើជំរាលភ្នំ ដែលអាចមើលឃើញទេសភាពអគារខ្ពស់ៗទាំងមូលក្នុងទីក្រុង និងមានសួនច្បារលក្ខណ:ឯកជន រួមទាំងបំពាក់ដោយជណ្តើរយន្តនៅខាងក្នុង និងមានផ្ទៃដីសរុប ៤ ៩៣៣ ម៉ែត្រការ៉េ។ 

ជម្រាបជូនផងដែរថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោក ត្រូវបានប្រកាសរំលាយចោលដោយតុលាការហុងកុង កាលពីក្នុងខែមករា។ ហើយដោយសារតែការខកខានក្នុងការសងបំណុល បានធ្វើឲ្យទ្រព្យសកម្មផ្សេងទៀតរបស់ Evergrande នៅទីក្រុងហុងកុង ត្រូវបានរឹបអូស ឬដាក់លក់លើទីផ្សារទាំងអស់៕