យោងតាមទេសាភិបាលធនាគារកណ្តាលថៃ លោក Sethaput Suthiwartnaruput បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភ:កន្លងទៅថា ការកាត់បន្ថយអត្រាការប្រាក់នឹងមិនអាចជួយជំរុញអ្វីច្រើនដល់សេដ្ឋកិច្ចនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Sethaput បានបញ្ជាក់ផងដែរថា អត្រាការប្រាក់ទាបក៏អាចនឹងមិនល្អសម្រាប់ការដោះស្រាយបំណុលគ្រួសារនៅក្នុងប្រទេសផងដែរ ខណ:លោកក៏បានបន្ថែមទៀតថា ដំណោះស្រាយចម្បងបំផុតនៅពេលនេះ គឺចាំបាច់ត្រូវមានតុល្យភាពរវាងកំណើន និងស្ថិរភាព។
យ៉ាងណាមិញជុំវិញការលើកឡើងរបស់លោក Sethaput បែបនេះ ត្រូវបានកើតឡើងចំពេលកំពុងមានការខ្វែងគំនិតគ្នារវាងធនាគារកណ្តាល និងរដ្ឋាភិបាលជុំវិញវិធានការលើការដោះស្រាយអត្រាការប្រាក់ និងការគ្រប់គ្រងសេដ្ឋកិច្ច។
រំលឹកផងដែរថា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បាននិយាយម្តងហើយម្តងទៀត ក្នុងការជំរុញឲ្យមានការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់សេដ្ឋកិច្ចដែលកំពុងស្ថិតនៅក្នុងវិបត្តិ ដោយសារតែបញ្ហាកើនឡើងបំណុលគ្រួសារខ្ពស់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទេសាភិបាលធនាគារកណ្តាលថៃ លោក Sethaput ហាក់មិនយល់ស្របចំពោះគំនិតនេះនោះឡើយ ដោយលើកឡើងថា ៖ “ការបញ្ចេញមតិខុសគ្នា គឺជារឿងធម្មតាទៅហើយ ប៉ុន្តែធនាគាររបស់យើងកំពុងធ្វើការដើម្បីស្វែងរកតុល្យភាព។ យើងនឹងសម្លឹងរកមើលអ្វីដែលមានភាពល្អឥតច្ចោះបំផុតមួយ និងគិតទៅលើអ្វីដែលអាចផ្តល់ផលប្រយោជន៍រយ:ពេលវែង” ៕