សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ចេញលិខិតបដិសេធ ជុំវិញនិមិត្តសញ្ញាខ្លួនមានរួមបញ្ចូលរូបភាពលោកស្រីឧកញ៉ា ទ្រី ដាណា

ជុំវិញ​ឧកញ៉ា

សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ​​របស់ឧកញ៉ា សូ ងួន កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ ​​បាន​ចេញ​​លិខិត​ជូនដំណឹង​​ផ្លូវការ​មួយ ដើម្បីបំភ្លឺទៅលើការ​ភាន់​ច្រឡំទាំងឡាយ​នៅ​លើ​បណ្តាញ​សង្គម​ ដែលមានឈ្មោះ និងនិមិត្តសញ្ញា​របស់​ខ្លួន មាន​រួមបញ្ចូល​នឹង​រូបភាព​ឯកជន​របស់​​​លោកស្រី​ឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី​ ​​និង​ស្វាមី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាមខ្លឹមសារ​លិខិត សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ​​បាន​​បញ្ជាក់​ថា ​​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ឈ្មោះ និង​និមិត្តសញ្ញា​​របស់​ខ្លួន រួមបញ្ចូល​នឹង​រូបភាព​ឯកជន​​របស់​គ្រួសារ​លោកស្រី ទ្រី ដាណា នៅ​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមិនមែន​ជា​ស្នាដៃ​ដើម​​របស់​សិប្បកម្ម​ផលិតសៀវភៅ “ស៊្រុន ងួន” ទេ។ បន្ថែមពីនេះ សិប្បកម្ម​ ក៏​សូម​បដិសេធ​ទាំង​ស្រុង​ចំពោះ​រូបភាព​ខាង​លើ និង​សូម​សាធារណៈជន ជាពិសេស​សិស្សានុសិស្ស មេត្តាជ្រាប​ថា សិប្បកម្ម​ផលិត​សៀវភៅ ស៊្រុន ងួន មិន​បាន​ប្រើប្រាស់ “រូបភាពម​ឯកជន​របស់​គ្រួសារ​លោកស្រី ទ្រី ដាណា” មក​ធ្វើជា​គម្រប​សៀវភៅ​នោះ​ទេ។

សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ​​ក៏​ស្នើសុំ​ឱ្យ​អ្នក​លេង​បណ្តាញ​សង្គម​​មេត្តា​បញ្ឈប់​ការ​ចែក​រំលែក​បន្ត​នូវ​រូបភាព​កាត់ត​បែប​គម្រប​សៀវភៅ ដែលមាន​និមិត្តសញ្ញា (Logo) សៀវភៅ “ស៊្រុន ងួន” ដែល​ធ្វើ​ឱ្យ​សាធារណៈជន មានការ​ភាន់​ច្រឡំ​ជា​ខ្លាំង។

គួរបញ្ជាក់​ថា កាល​ថ្ងៃទី២៩ ខែកុម្ភៈ លោកស្រី​ឧកញ៉ា ទ្រី ដាណា បាន​បង្ហោះរូបភាព​លើ​ទំព័រហ្វេសប៊ុក ជាមួយ​នឹង​ស្វាមី​ លោក រស់ រាជ្ជសាល ​​ដោយ​ស្លៀកពាក់​បែប​ខ្មែរ​បុរាណ​ ឈរ​លើ​ផ្ទាំង​ថ្ម​នៅ​ឆ្នេរ​សមុទ្រ​មួយ​កន្លែង ភ្ជាប់​ជាមួយ​នឹង​សារ​ខ្លី​ថា “ព្រះថោងតោងស្បៃ”។ រូបភាព​នេះ​ បាន​ធ្វើ​ឱ្យ​ជន​ឆ្លៀត​ឱកាស​យក​ទៅ​កាត់ត​​បន្ថែម​ជាមួយ​នឹង​និមិត្តសញ្ញា “ស៊្រុនងួន-៣០០ទំព័រ” ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​​​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គម៕