លោក ស្រ៊ុន ពៅ អំពាវនាវដល់អ្នកចិញ្ចឹមសត្វខិតខំ ទ្រាំបន្តិចទៀត យ៉ាងយូរត្រឹមមួយខែទៀត តម្លៃជ្រូកនឹងមានពន្លឺឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលតម្លៃជ្រូករស់នាពេលបច្ចុប្បន្នមានតម្លៃ៨ពាន់រៀល ឬជាង៧ពាន់រៀលក្នុងមួយគីឡូក្រាម ធ្វើឱ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមមួយចំនួនមានការបោះបង់ និងមួយចំនួនទៀតនៅបន្តខាំស្មៅចិញ្ចឹម ទោះបីជាមានការខាតក៏ដោយ។ជាមួយគ្នានេះ ត្រូវបានប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអំពាវដល់អ្នកចិញ្ចឹមសត្វទាំងអស់ថាឱ្យស៊ូទ្រាំ ខិតខំបន្តិចទៀត ព្រោះលោកជឿជាក់ថាយ៉ាងយូរមួយខែទៀតតម្លៃជ្រូកនឹងល្អប្រសើឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក ស្រ៊ុន ពៅបានមើលឃើញថាក្នុងឆ្នាំ២០២៣ វិស័យចិញ្ចឹមសត្វមានការរីកចម្រើនខ្លាំងហួសពីការស្មាន ដោយសារយើងចិញ្ចឹមបានច្រើន ប៉ុន្តែទីផ្សាររៀងចង្អៀត។

លោកបន្តថា សម្រាប់ឆ្នាំ២០២៤ មុនចូលឆ្នាំចិន សាច់ជ្រូករស់នៅកម្ពុជាលក់បានតម្លៃ៨០០០រៀល ក្នុងមួយគីឡូ ដល់ពេលឥឡូវនៅសល់តែ៧ពាន់ជាង។ដែលនេះដោយសារសាច់បង្កកដែលនៅក្នុងឃ្លាំង ត្រូវបង្ខិតបង្ខំចេញ ក្នុងនោះសាច់បង្កកដែលជិតផុតកំណត់ និងសាច់បង្កកដែលមិនសូវមានស្តង់ដារ។ ដូច្នេះហើយពួកគេត្រូវតែបង្ខំបញ្ចេញ ព្រោះខែមីនា ថ្ងៃទី១២ ឆ្នាំ២០២៤ខាងមុខ យើងនឹងអនុវត្តច្បាប់ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តគឺសាច់បង្កកណាមិនត្រឹមត្រូវ ខុសស្តង់ដារត្រូវតែកម្ទេចចោល។

លោកបន្តទៀតថា បច្ចុប្បន្នកសិករបានបិទផ្អាកការចិញ្ចឹមទាំងស្រុងសឹងថា១០០ភាគរយហើយ ដោយឡែកមានតែកសិដ្ឋាន ក្រុមហ៊ុនធំៗទេដែលនៅខាំស្មៅ តស៊ូ ដោយសារកសិដ្ឋានគាត់មួយសំណង់សាងសង់ និងដើមទុនគឺរាប់សិបលានដុល្លារ ដូច្នេះហើយគាត់មិនអាចឈប់ឬផ្អាកអាជីវកម្មនោះទេ ទោះបីជាគាត់ត្រូវលក់ដីក៏ដោយ ខ្ចីលុយធនាគារក៏ដោយ។

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វ បញ្ហានេះសមាគមក៏បានសហការជាមួយក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធ ហើយរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសនៅថ្ងៃទី១២ខែមីនាខាងមុខ ជាថ្ងៃសម្រេចបិទផ្អាកបំណែកនៃសាច់បង្កកទាំងស្រុង។ដូច្នេះហើយដល់ខែមីនា យើងនឹងទទួលបានពន្លឺបណ្តើរៗហើយ លោកជឿជាក់ថាវាទើបតែបិទដំបូងមិនទាន់អស់ភ្លាមនោះទេ ក៏ប៉ុន្តែយ៉ាងយូរខែ៤នឹងមានតម្លៃមួយឱ្យកសិករយើងទទួលយកបាន។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យត្រូវតែរួបរួមគ្នាមិនថាអ្នកចិញ្ចឹម មិនថាអ្នកកាប់ឬមិនថាអ្នកនាំចូលទេ ត្រូវតែសហការគ្នាកាន់ដៃគ្នាទៅមុខ ទើបរីកចម្រើន រកប្រាក់ចំណេញអ្នកអស់គ្នាឃើញ។ហើយសមាគមបានខិតខំប្រឹងប្រែងដើម្បីរកដំណោះស្រាយ ជួបជុំគ្នាពិភាក្សាដើម្បីរកតម្លៃមួយដែលអាចចំណេញទាំងអស់គ្នា ចំណេញទាំងអ្នកចិញ្ចឹម ចំណេញទាំងអ្នកហូប ចំណេញទាំងអ្នកកាប់។

ទន្ទឹមនឹងនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វក៏អំពាវនាវឱ្យស្ថាប័នតាមព្រំដែនអនុវត្តតាមអនុសាសន៍សម្តេចធិបតីដែលដាក់រឹតបន្តឹងសាច់ណាដែលខូចៗ ប្រាកដថាមានលិខិតស្នាមច្បាស់លាស់ និងជាពិសេសប្រជាពលរដ្ឋ កសិករទាំងអស់នៅក្នុងប្រទេសខំតស៊ូបន្តិចទៀត ដើម្បីវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយយ៉ាងយូរ១ខែទៀត លោកជឿជាក់ថានឹងមានពន្លឺឡើងវិញ៕