មហាសេដ្ឋីកូរ៉េខាងត្បូង Lee Joong-keun ស្ថាបនិកក្រុមហ៊ុន Booyoung Group បានប្រកាសថា ក្រុមហ៊ុននឹងផ្ដល់ប្រាក់លើកទឹកចិត្ត ៦០ ០០០ផោន ឬប្រហែល ៧៥ ០០០ដុល្លារ ទៅកាន់បុគ្គលិក ដែលមានគម្រោងយកកូន។
យោងតាមការចុះផ្សាយពីគេហទំព័រ Mirror បានបង្ហាញថា គោលនយោបាយរបស់ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូងមួយនេះ គឺធ្វើឡើងដើម្បីជួយដល់ស្ថានភាពនៃប្រទេសកូរ៉េខាងត្បូង ដែលកំពុងមានវិបត្តិ ជុំវិញការថយចុះនៃអត្រាកំណើត។
នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមហ៊ុនកំពូល Booyoung Group បានផ្ដល់កញ្ចប់ជំនួយដល់ក្រុមបុគ្គលិក ពោលគិតតាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចាយលុយជាង ៥លានដុល្លារ ដល់បុគ្គលិកជាច្រើន ដែលមានកូនៗជាច្រើនគ្រួសារ។
រំលឹកបន្តិចថា គោលការណ៍ថ្មីដែលចេញដោយក្រុមហ៊ុន Booyoung Group គឺមិនប្រកាន់ពីភេទឡើយ ពោលបុគ្គលិកទាំងប្រុស និងស្រី អាចទទួលបានអត្ថប្រយោជន៍មួយនេះដូចៗគ្នា៕