ក្រុមហ៊ុន SunRice Group របស់ប្រទេសអូស្រ្តាលីបានបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ការបង្ហាញឆន្ទៈរបស់ក្រុមហ៊ុនធ្វើឡើងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានលើកឡើងថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលីទី១ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ព្រមគ្នានេះដែរលោកបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។
ផ្អែកលើសក្ដានុពលទាំងនេះ លោកគូសបញ្ជាក់ថាក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។
ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចធិបតីក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីបានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរដេីម្បីគាំទ្រដល់សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ ក៏ដូចជាកាត់ថ្លៃដឹកជញ្ជូន។
ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានលេីកទឹកចិត្តឱ្យក្រុមហ៊ុនទស្សនកិច្ចនៅកម្ពុជាដេីម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀត ដោយសារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕