អ្នកឧកញ៉ា លឹម ហេង ចូលរួមក្នុងកិច្ចពិភាក្សាក្នុងការរៀបចំកិច្ចប្រជុំជាមួយនឹងប្រទេសថៃ ស្តីពី «តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា ​​កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ​​បាន​អញ្ជើញ​ចូលរួម​កិច្ច​ពិភាក្សាក្នុង​ការរៀបចំកិច្ចប្រជុំជាមួយនឹងប្រទេសថៃ ស្តីពី «តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា (Complementary SEZ) រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោមអធិបតីភាព លោក​បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួល​បេសកកម្មពិសេស នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមផងដែរ ពីអ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងក្រសួង​ពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងពី​តំបន់សេដ្ឋកិច្ចពិសេស រួមមាន រ៉ូយ៉ាល់គ្រុប ភ្នំពេញ SEZ, កោះកុង SEZ ព្រម​ទាំង​តំណាងជនមកពីតំបន់សេដ្ឋកិច្ច​ពិសេស​ផ្សេង​ទៀត​ជាច្រើនរូបផងដែរ។ ​

សម្រាប់​គោលបំណងនៃកិច្ចប្រជុំនេះ គឺធ្វើឡើង​យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​​ដែល​នឹងបង្កើតក្រុមការងារ តំណាងប្រទេសកម្ពុជា ដើម្បីជួបចរចាជាមួយនឹងប្រទេសថៃស្តីពី «តំបន់​សេដ្ឋកិច្ច​ពិសេសបំពេញបន្ថែមគ្នា (Complementary SEZ) រវាងប្រទេសកម្ពុជា និងប្រទេសថៃ»។

ជាលទ្ធផល​ កិច្ចពិភាក្សានេះ បានពិភាក្សាអំពីការចាត់តាំងសមាសភាពក្រុមការងារ និង​ទទួលបានធាតុចូលជាច្រើន​ដូចជា៖ ១)កិច្ចសម្រួលពាណិជ្ជកម្ម ២)កំណត់នឹងបានសិក្សាពីចំណុចខ្សោយ​និងខ្លាំងចំពោះការទទួលខុសត្រូវ​លើ​សកម្មភាពធុរកិច្ចនិងវិនិយោគ (កម្ពុជា-ថៃ) លើវិស័យនេះ តាមតំបន់ដែលនឹងកំណត់ ផ្តល់ការលើកទឹកចិត្តជាកញ្ចប់ នឹងមានភាពងាយស្រួសរហ័ស ៣)ពិភាក្សាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និង ៤)ពិនិត្យពិភាក្សា​ការផ្គត់ផ្គង់ចរន្ត​អគ្គិសនី ទឹក និងការផ្តល់ការងារធ្វើដល់ប្រជាជននៅតំបន់អទិភាពទាំងនោះ ៥)ចែករំលែកព័ត៌មានផ្សេងៗពាក់ព័ន្ធនឹង​តំបន់​សេដ្ឋកិច្ចពិសេស​កម្ពុជា។

គួរ​រំឭក​ថា ក្នុង​ឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ កាល​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ ​​និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ​បានពិភាក្សា និងផ្លាស់​ប្តូយោបល់គ្នាយ៉ាងស៊ីជម្រៅ និងបានឯកភាពគ្នាលើកិច្ចការងារជាច្រើន ជាពិសេសភាគីទាំងពីរបានឯកភាពគ្នា​បង្កើត​ក្រុម​ការងារចម្រុះ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលដៅ​ជំរុញកំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃប្រទេសទាំងពីរ។

តាម​ការ​​បញ្ជាក់​ពី​ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ថៃជាដៃគូ​ពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែល​បានជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេស​ដាក់ទុនវិនិយោគ​នៅ​កម្ពុជាច្រើន​ជាងគេ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនដល់ជាង ៨ពាន់លានដុល្លារនៅឆ្នាំ២០២៣។ ទន្ទឹមនេះ ជន​ជាតិថៃ បានមកលេងកម្សាន្តនៅកម្ពុជា មានចំនួនច្រើនជាងគេបង្អស់នៅក្នុងឆ្នាំ២០២៣ កន្លងទៅ គឺមានប្រមាណជិត ២លាននាក់៕