មហាសេដ្ឋីវៀតណាម ត្រៀមចាយលុយជិត ៥ពាន់លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស

អន្តរជាតិ

មហាសេដ្ឋីវៀតណាម Tran Dinh Long ប្រធានក្រុមហ៊ុនដែកថែប Hoa Phat មានបំណងចាយលុយ ១២០ទ្រីលានដុង ឬប្រហែល ៤,៨ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែ រោងចក្រផលិតដែកថែប និងសួនឧស្សាហកម្មនៅក្នុងខេត្ត Phu Yen ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន និងអាជ្ញាធរប្រចាំតំបន់ កាលពីថ្ងៃទី០៣ ខែមីនា បានបង្ហាញថា គម្រោងការខ្នាតយក្សទាំង ៣នោះ គឺមានដូចជា កំពង់ផែ Bai Dong រោងចក្រផលិតដែកថែប Hoa Phat Iron and Steel និងសួនឧស្សាហកម្ម Hoa Tam។

ជាមួយគ្នា មហាសេដ្ឋីវៀតណាមរូបនេះ ក៏បានបញ្ជាក់ទៀតថា ផែនការដែលចំណាយប្រាក់​ជិត ៥ពាន់លានដុល្លារមួយនេះ នឹងបង្កើតឱកាសការងាររហូតដល់ ២ម៉ឺនកន្លែង និងអាចជួយជំនួយ​ហិរញ្ញវត្ថុដល់ ១០ទ្រីលានដុង ឬ ៤០០លានដុល្លារក្នុងមួយឆ្នាំ ទៅដល់អាជ្ញាធរនៅខេត្ត Phu Yen ផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន Hoa Phat គឺជាអ្នកផលិតដែកថែបធំបំផុតនៅប្រទេសវៀតណាម ដោយក្នុងមួយឆ្នាំៗ ពួកគេអាចផលិតដែកថែបរហូតដល់ ៨,៥លានតោនឯណោះ៕