កំពុងមានទីផ្សារខ្ពស់ BYD គ្រោងបង្កើននាវាដឹកជញ្ជូនរថយន្តរបស់ខ្លួនបន្ថែមដល់ ៨គ្រឿង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ចិន BYD គ្រោងនឹងបង្កើនចំនួននាវាដឹកជញ្ជូនរថយន្តរបស់ខ្លួនបន្ថែមទៀត រហូតដល់ទៅ ៨ ក្នុងរយ:ពេល ២ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាពនាំចេញ ចំពេលកំពុងមានតម្រូវការកើនឡើងខ្លាំងនៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោក Wang Chuanfu បាននិយាយកាលពីពេលថ្មីៗកន្លងទៅថា ៖ “​BYD គ្រោងនឹងបង្កើនការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន តាមរយ:នាវាចំនួន ៧ បន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដើម្បីកាត់បន្ថយការខ្វះខាតនៃសមត្ថភាពដឹកជញ្ជូន សម្រាប់ការនាំចេញរថយន្ត” ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ BYD បានធ្វើការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅក្រៅប្រទេស តាមរយ:នាវាមួយគ្រឿងប៉ុណ្ណោះ ដែលមានឈ្មោះថា BYD Explorer No. 1 ត្រូវបានផលិតដោយក្រុមហ៊ុន CIMC Raffles ។

CIMC Raffles គឺជាក្រុមហ៊ុនដឹកជញ្ជូនរថយន្តដំបូងគេដែលត្រូវបានសាងសង់ឡើង នៅក្នុងកន្លែងផលិតកប៉ាល់របស់ប្រទេសចិនផ្ទាល់តែម្តង ដោយក្រុមហ៊ុននេះ ទុកប្រើប្រាស់សម្រាប់តែការនាំចេញរថយន្តដែលផលិតក្នុងស្រុកតែប៉ុណ្ណោះ ហើយវាមានសមត្ថភាពផ្ទុករថយន្តសរុបបាន ៧ ០០០គ្រឿង ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពដឹកជញ្ជូនតាមរយ:នាវារបស់ក្រុមហ៊ុន BYD នាពេលបច្ចុប្បន្ននេះ ហាក់មិនអាចរក្សាការនាំចេញបានឆាប់រហ័សនោះឡើយ ដោយពួកគេកំពុងសម្លឹងរកមើលឱកាសក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដើម្បីបង្កើនការនាំចេញរបស់ខ្លួន។

ជម្រាបជូនផងដែរថា BYD កំពុងពង្រីកបណ្តាញលក់របស់ខ្លួននៅក្នុងប្រទេសជាច្រើន ជាពិសេសនៅតំបន់អឺរ៉ុប ដូចជាអាឡឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ និងកន្លែងផ្សេងទៀត ខណ:កាលពីឆ្នាំមុនក្រុមហ៊ុនខ្នាតយក្សរបស់ចិននេះ បានវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីបានច្រើនបំផុត របស់ពិភពលោក ផងដែរ៕