២ខែដើមឆ្នាំនេះ៖ កម្ពុជា រកចំណូលបានជាង១១ លានដុល្លារពីលក់​សំបុត្រ​ចូល​ទស្សនារមណីយដ្ឋាន​​អង្គរ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុង​រយៈពេល ២​ ខែ ដើមឆ្នាំ ​២០២៤ នេះ កម្ពុជា រកចំណូលបានជាង១១ លានដុល្លារពីលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ចំនួននេះ មានការកើន​ជាង ៥០​ %បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំ​ ២០២៣​ កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល ២ខែ ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ២៣៥ ៨៥០នាក់ ដែលរកប្រាក់ចំណូលបាន ១១ ២៣៤ ៦៧៥ដុល្លារអាមេរិក។

​សេចក្តីប្រកាសដដែល បានឱ្យដឹងថា៖« ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន ២៣៥ ៨៥០​ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ កើនឡើង ៥០,២៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ ចំណែក​ទឹកប្រាក់​ដែល​ទទួលបាន គឺ​ចំនួន ១១,២៣ ​លាន​ដុល្លារ កើនឡើង ៥២,០៩​ ភាគរយ»​។​

​ក្រៅពី​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​នេះ​ក៏​រកប្រាក់​បាន ៨៦ ៩៤០​ ដុល្លារ​ពី​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះ​កេរ​, និង ២០៦ ២៩៨​ ដុល្លារ​ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។​នេះបើតាមសេចក្តីប្រកាសខាងលើ។

ទន្ទឹមនោះដែរ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៥ ៧៩៦នាក់ ស្មើនឹង ៨៦ ៩៤០ដុល្លារ។

គួរបញ្ជាក់ដែរថា គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតក្រោម​អាណា​ព្យា​បាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិតក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ការប្រមូល​ចំណូល​របស់​គ្រឹះ​ស្ថាន​អង្គរ គឺ​រួមមាន៖ រមណីយ​​ដ្ឋា​ន​អង្គរ​, ប្រាសាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧ ​ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧ ​ថ្ងៃ មានតម្លៃ ៧២ ​ដុល្លារ​៕ អត្ថបទ៖ រង្សី